អ៊ីស្រាអែលៈ កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧ នាក់ និងជាង ១,០០០ នាក់ទៀតរងរបួស បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទារឲ្យមានការទទួលបានសិទ្ធិត្រលប់ទៅវិញនៃជនភៀសខ្លួនប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។
ចលនាតវ៉ានេះ បានចាប់ផ្តើមនៅថ្ងៃទិវាដីធ្លី ដែលជាព្រឹត្តិការណ៍មួយរំឭកដល់ប្រជាពលរដ្ឋប៉ាឡេស្ទីន ៦ នាក់ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីបានតវ៉ាចំពោះការរឹបអូសយកដីរបស់ប៉ាឡេស្ទីនដ៏ធំ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៧៦កន្លងទៅ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍កាលពីថ្ងៃសុក្រថា មនុស្ស ២៩៣ នាក់ បានរងរបួសដោយសារការបាញ់គ្រាប់ពិត បន្ទាប់ពីទាហានអ៊ីស្រាអែល បានបាញ់ទៅលើក្រុមអ្នកតវ៉ា ដែលបានប្រមូលផ្តុំគ្នា នៅតំបន់ហ្គាហ្សាស្ទ្រីប ជិតព្រំដែនអ៊ីស្រាអែល។
ចំណែកក្រុមអ្នកតវ៉ារាប់រយនាក់ផ្សេងទៀត បានរងរបួសដោយសារការស្រូបឧស្ម័នបង្ហូរទឹកភ្នែក៕
មតិយោបល់