ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ បានជិះម៉ូតូរ៉េចង្កូតទៅប៉ះរថយន្ត១គ្រឿង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ដែលហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង ៨ និង៣០យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិទួលម្កាស់ នៅភូមិទួលម្កាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។
ម៉ូតូបង្កម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាក ពោធិ៍សាត់ 1H-0793 បើកបរដោយឈ្មោះ ថៃ អ៊ីរ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជាអ្នកបើកម៉ូតូ រួមដំណើរដោយឈ្មោះ តាប់ ភេទប្រុស មុខរបរ រកស៊ីនៅប្រទេសថៃ អាយុ ២២ ឆ្នាំ ស្នាក់នៅឃុំកំពង់ពោធិ ស្រុកក្រករ ខេត្តពោធិ៍សាត់ ដោយធ្វើដំណើរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូរ៉េចង្កូតទៅប៉ះរថយន្តមួយគ្រឿង ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ រីឯអ្នកបើកម៉ូតូវិញ រងរបួសស្រាលប៉ុណ្ណោះ ខណៈដែលរថយន្តបើករត់គេចបាត់។
បច្ចុប្បន្នវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់