ព័ត៌មានសេដ្ឋកិច្ច

ADB៖ សេដ្ឋកិច្ចកម្ពុជា រក្សាកំណើន ៧% ក្នុងឆ្នាំ ២០១៨ និង ២០១៩

សេដ្ឋកិច្ច​របស់ប្រទេស​​កម្ពុជា​នឹងមានកំណើន​ ៧% ក្នុងឆ្នាំ​ ២០១៨ និង​ ២០១៩ ដោយសារ​ភាព​រឹងមាំនៃកំណើនសេដ្ឋកិច្ចសកលលោក នេះ​បើតាមការលើក​ឡើងពី​របាយការណ៍ស្ដីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំរបស់ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយ​នៅ​ថ្ងៃនេះ។

លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍​ថា «កំណើន​សេដ្ឋកិច្ចដ៏រឹងមាំ​របស់​កម្ពុជាក្នុងរយៈពេលខ្លី បានមកពីការនាំចេញដ៏រឹងមាំ និងកំណើន​​លំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យ​ទេសចរណ៍ និង​តម្រូវការ​ក្នុងស្រុក។ ទោះ​ជាយ៉ាងណាក៏ដោយ ការកើនឡើង​ប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើ​​ធុរកិច្ច និង​ភាពប្រកួត​ប្រជែងកាន់តែខ្លាំងអាចប៉ះពាល់ដល់ការប្រកួត​ប្រជែងរបស់កម្ពុជា»។

គោលនយោបាយ​សម្រួល​ដំណើរការ​ និង​នីតិវិធីដែលចាំបាច់​សម្រាប់​​ធ្វើធុរកិច្ចនឹងជួយលើកកម្ពស់សហគ្រិនភាព ធ្វើឱ្យសមាហរណកម្មក្រុមហ៊ុនក្នុងស្រុកជាមួយនឹង​វិស័យ​កម្មន្ត​សាលកាន់តែ​មានលក្ខណៈស៊ីជម្រៅ​បន្ថែមទៀត ព្រមទាំងជួយ​បង្កើត​ការងារ​ល្អៗ​បន្ថែមទៀត។

របាយការណ៍បានឱ្យដឹងថា ​​ទិន្នផលឧស្សាហកម្មរបស់កម្ពុជាទំនងជានឹង​បន្ត​កើនឡើង ៩,៦% នៅឆ្នាំនេះ ជា​មួយនឹង​ការថមថយ​កំណើននៃឧស្សាហកម្មកាត់ដេរ និងស្បែកជើង ដែលអាចកាត់កងដោយកំណើន​ខ្ពស់ជាង​មុនក្នុងឧស្សាហកម្ម​ដែលទើប​នឹងលេចចេញជារូបរាង ដូចជា​ ឧស្សាហកម្មផលិតគ្រឿងអគ្គិសនី គ្រឿង​បន្លាស់ រថយន្ត កង់ អង្ករ និងកៅស៊ូ ជាដើម។

កំណើន​ក្នុងវិស័យ​សេវាកម្ម និង​បន្ត​មានភាព​ល្អប្រសើរ​ ពោលគឺ ៧.១% នៅ​ឆ្នាំ​នេះ ដោយសារ​ភ្ញៀវ​ទេសចរណ៍មានចំនួនច្រើន។

សន្មត​ថា អាកាសធាតុមានស្ថានភាពអំណោយផល កសិកម្ម​របស់​ប្រទេស​​កម្ពុជានឹង​មានកំណើន ១,៨% ក្នុងឆ្នាំ ២០១៨។

គោលនយោបាយសារពើពន្ធ​នឹង​មានលក្ខណៈពង្រីកបន្ថែមនៅឆ្នាំនេះ ជាងកាលពីឆ្នាំ ២០១៧ ដោយ​កំណើន​​ប្រាក់ចំណូល​​ នឹងត្រូវស្រូបយកដោយចំណាយខ្ពស់ជាងមុន និង​ដោយឱនភាពសារពើពន្ធ ដែលអាច​កើនឡើង​ទៅដល់​ ៥,១% នៃផលិតផលក្នុងស្រុកសរុប។

ឱនភាពគណនីចរន្ត​ (ដោយមិនរាប់បញ្ចូល​ការផ្ទេរធនធានជាផ្លូវការ) នឹងមានការ​កើនឡើង​នៅឆ្នាំនេះ ដោយសារ​ចំណាយសម្រាប់ប្រេង និង​ផលិត​ផលនាំចូលដទៃទៀតមានការកើនឡើងក្នុងប្រទេស​ ដែល​​មានសេដ្ឋកិច្ច​​រីកចម្រើនលឿនមួយនេះ។

កំណើនលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស និង​ឥណទាន​ផ្លូវការ​​ពី​ក្រៅប្រទេសទំនងនឹងអាចរ៉ាប់រង​ឱនភាពគណនីចរន្ត​បាន ព្រមទាំងអាច​បង្កើន​ទុនបម្រុង​ក្រៅប្រទេស​រហូត​ដល់ប្រមាណ ១០ ពាន់លានដុល្លារត្រឹម​ចុងឆ្នាំ ២០១៨ ពោលគឺអាច​រ៉ាប់រង​ការនាំចូលប្រមាណ ៦,១ ខែ។

ទស្សនៈវិស័យ​សេដ្ឋកិច្ច​នេះ អាចប្រឈម​នឹង​ហានិភ័យ​នៅផ្នែកខាងក្រោម ដោយសារ​ភាព​ងាយរងគ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុរបស់ប្រទេស​កម្ពុជា ចំពោះ​ភាព​មិនប្រាកដប្រជា​នៃវិស័យហិរញ្ញវត្ថុសកលលោក ដែលគេ​អាចសង្កេត​ឃើញកន្លងមក ដូចជា​ការ​បង្កើនផលធៀប​ឥណទានធនាគារ ជាមួយនឹង​ផលិតផលក្នុងស្រុកសរុបទ្វេដងនៅក្នុងរយៈពេល ៥ ឆ្នាំចុង​ក្រោយនេះ​រហូត​ដល់ ៧៦% កាលពីឆ្នាំមុននេះ។

ខណៈពេលដែល​បទប្បញ្ញត្តិ​គ្រប់គ្រងហានិភ័យឥណទាន និង​ការបង្កើន​ទុនបម្រុង​ ដែល​ត្រូវ​បានដាក់ឱ្យអនុវត្តកាលពី​ពេលថ្មីៗនេះ បានជួយ​កាត់បន្ថយ​កំណើនឥណទាន​របស់​ធនាគារ​មកនៅ​ត្រឹម ១៥% គិត​ត្រឹមចុងឆ្នាំមុននេះ ឥណទាន​សម្រាប់វិស័យ​អចលទ្រព្យមានការកើនឡើង​រឹត​តែ​ឆាប់​រហ័សទៅទៀត៕

មតិយោបល់