ព័ត៌មានជាតិ

តុលាការផ្ដន្ទាទោស បុរសជនជាតិបេឡារូស ២នាក់ ដាក់ពន្ធនាគារម្នាក់​១ឆ្នាំ អនុវត្ត៦ខែ​ដោយប្តូរបទចោទពីលួចមានស្ថានទម្ងន់ទោស ជាបទ ប៉ុនប៉ងលួចវិញ

ភ្នំពេញៈ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ លោក សេង លាង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ផ្លាស់ប្តូរបទចោទប្រកាន់ លើបុរសជនជាតិ បេឡារូស ២នាក់ ទី១ឈ្មោះ MAKSIM MALACHKOU ភេទប្រុស អាយុ ២៨ឆ្នាំ និងទី២ឈ្មោះ ALEXANDER BUBENKO ភេទប្រុស អាយុ ៣៩ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស តាមមាត្រា ៣៥៧ ទៅជាបទ ប៉ុនប៉ងលួច ប្រព្រឹត្តនៅចំណុច ទូATM ធនាគារ ABA មុខផ្ទះលេខ៣៦អឺសេរ៉ូ ផ្លូវ២៤១ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ យោងតាមមាត្រា ៣៦១ នៃក្រមព្រហ្មទណ្ឌ ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ១ឆ្នាំ អនុវត្តក្នុងពន្ធនាគារ ៦ខែ ទោសសល់ត្រូវព្យួរធម្មតា និងពិន័យក្នុងម្នាក់ៗ ចំនួន ២លានរៀលចូលជាថវិការដ្ឋ។

នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃ ទី៥ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅ ជនជាប់ចោទទាំង ២នាក់ បានបដិសេធថា ពួកគេមិនបាន លួចគាស់ទូ ATM របស់ ធនាគារ ABA ដូចការចោទប្រកាន់របស់តុលាការទេ គឺគ្រាន់តែវាយទូនោះ ព្រោះខឹងដកលុយអត់បាន។

គួររំលឹកថា សមត្ថកិច្ចខណ្ឌដូនពេញ បានឃាត់ខ្លួនជនជាប់ចោទ ខាងលើ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលធ្វើសកម្មភាព លួច គាស់ទូ ATM របស់ធនាគារ ABA នៅចំណុច មុខផ្ទះលេខ៣៦អឺសេរ៉ូ ផ្លូវលេខ២៤១ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បំណងលួចលុយក្នុងទូ៕

មតិយោបល់