ព័ត៌មានសេដ្ឋកិច្ច

World Bank ផ្តល់ប្រាក់ ៩០លានដុល្លារ គាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា

ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិ​របស់​ធនាគារពិភពលោក នៅថ្ងៃនេះ បាន​អនុម័ត​​ហិរញ្ញប្បទានក្នុង​ទឹក​ប្រាក់​ចំនួន ៩០លានដុល្លារអាមេរិក ដល់គម្រោងមួយដែល​សំ​ដៅ​ជួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការ​​បង្កើន​គុណភាព​​ឧត្តមសិក្សា​ និង​ការងារ​ស្រាវ​ជ្រាវ​​​របស់​ប្រទេស និងបង្កលទ្ធភាពដល់​​សិស្ស​ក្រីក្រ ឲ្យ​ទទួល​បាន​ការ​អប់​រំនៅ​​ថ្នាក់​ឧត្តម​សិក្សា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា «យើងសូមស្វាគមន៍​នូវការគាំទ្រ​​របស់​ធនាគាពិភពលោកសម្រាប់​​ឧត្តមសិក្សា និង​ការ​ងារស្រាវ​ជ្រាវ ដែលស្រប​គ្នា​ល្អ​ណាស់​ជាមួយនឹង​បណ្តា​អាទិភាព​​នៅ​ក្នុង​គោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្ម​ ២០១៥-២០២៥ របស់​យើង។»

ឯកឧត្តមទេសរដ្ឋ​មន្ត្រីមាន​ប្រសាសន៍បន្ថែមថា «គម្រោងនេះនឹ​ងជួយ​យើងក្នុង​ការ​ឈានទៅបង្កើត​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយមួយសម្រាប់​ការ​អភិវឌ្ឍ​​ឧត្តមសិក្សា ដើម្បី​ជួយ​ឱ្យ​និស្សិតកម្ពុជាដែល​​បញ្ចប់ការ​សិក្សា​មាន​សមត្ថភាព​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កាន់​តែ​ខ្លាំងឡើង​របស់​ទីផ្សារ​ការ​ងារ​ និង​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ធ្វើ​ការ​ចល័តទី​និង​ផ្ទេរ​បច្ចេកវិទ្យា​នៅក្នុង​រង្វង់​សហគមន៍​សេដ្ឋកិច្ចអាស៊ាន និងលើស​ពី​តំបន់នេះ​ទៅទៀត។» ​​ ​

រយៈពេល ៦ឆ្នាំខាងមុខ គម្រោងបង្កើន​សមត្ថ​ភាព​ស្ថាប័ន​ឧត្តមសិក្សា (Higher Education Institutions Capacity Improvement Project) និងជួយ​បង្កើន​គុណភាព​អប់រំ​​ និង​ការ​ស្រាវជ្រាវ​នៅ​តាម​ស្ថាប័នឧត្តមសិក្សា​ដែល​ជាគោលដៅ ហើយ​បង្កើនឱកាសឲ្យទទួលបានការសិក្សានៅឧត្តមសិក្សា និង​ជួយ​បង្កើន​អភិបាលកិច្ច​នៅ​ក្នុង​វិស័យ​នេះ​ផងដែរ។

បណ្តាវិស័យ​ដែល​គម្រោង​នេះ​ផ្តោតការយកចិត្ត​ទុកដាក់លើមាន មុខ​វិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ (STEM) និង​កសិកម្ម​ ហើយត្រូវបានរំពឹងថា ​និស្សិតកម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​ទទួល​បាន​ជំនាញ​និង​ចំណេះ ដែល​កាន់​តែមាន​ភាព​ឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានជំនាញងាយ​ផ្ទេរ​បន្ត​ជាង​មុន ដែលអាច​ជួយ​ប្រទេស​ធ្វើ​អន្តរកម្ម​ចេញ​ពី​សេដ្ឋកិច្ច ផ្អែកលើ​ការ​ប្រើ​ពលកម្ម​តាម​បែប​ប្រពលវប្បកម្ម ឱ្យ​ក្លាយ​ទៅជា​សេដ្ឋកិច្ច​មួយដែល​ផ្អែកលើជំនាញនិងចំណេះវិញ។

គម្រោងនេះនឹង​ជួយ​គាំទ្រ​ដល់​គោលដៅ​នៃ​គោលនយោបាយ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម តាម​រយៈ​សកម្ម​ភាពធំៗ​ចំនួនប្រាំ រួមមាន ផ្តល់មូលនិធិសម្រាប់ការងារសិក្សាស្រាវជ្រាវក្នុងមុខវិជ្ជាអាទិភាពនានា ពង្រីកចំនួន​​បន្ទប់​សិក្សា​ និង​មន្ទីរពិសោធន៍ សង់​​និវេសនដ្ឋានសម្រាប់​និស្សិត​ក្រីក្រ​ស្នាក់​នៅ​ (និស្សិតដែលមកពីគ្រូសារក្រីក្រ និងពីតំបន់ដាច់ស្រយាល ក៏ដូចជានិស្សិតស្រ្តីផងដែរ) ពង្រឹងប្រព័ន្ធ​ធានាគុណភាពនិងប្រព័ន្ធ​ព័ត៌មាន និងធ្វើការជាមួយដៃគូរអន្តរជាតិក្នុងការកែលម្អ​កម្ម​វិធី និង​វិធីសាស្ត្រ​បង្រៀន​នៅក្នុង​​មុខវិជ្ជាជា​អាទិភាព។

ការ​សង់​និវេសនដ្ឋាន​សិស្ស នឹងសាងសង់​នៅ​រាជធានីភ្នំពេញ និង​ការ​ពង្រីក​អគារសិក្សាឬហេដ្ឋារចនាសម្ព័ន្ធ​ស្ថាប័នឧត្តមសិក្សាចំនួនពីរ គឺក្នុង​ខេត្ត​បាត់​ដំបង និង​ខេត្ត​ស្វាយរៀង។

ការផ្តល់ហិរញ្ញប្បទានពី​សមាគមអភិវឌ្ឍន៍​អន្តរជាតិនេះ គឺបន្តពីគម្រោង​បង្កើន​គុណភាព​និង​សមត្ថ​ភាព​​ឧត្តម​សិក្សានៅកម្ពុជា​ (Higher Education Quality and Capacity Improvement Project/HEQCIP) ពីឆ្នាំ​ ២០១០ រហូត​ដល់​ឆ្នាំ​២០១៧ ដែលបាន​កសាង​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​​សមត្ថ​ភាព​តាម​វិស័យ និង​បង្កើត​ឱ្យ​មាន​បរិស្ថាន​គោលនយោបាយ​ល្អមួយសម្រាប់​ជំរុញ​ឱ្យ​ការ​វិនិយោគ​កាន់​តែ​ច្រើន​ទៀត៕

មតិយោបល់