ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ចិន Spring Airlines បានចាប់ផ្តើមបើកជើងហោះហើរត្រង់កម្ពុជា-ចិន ដែលតម្លៃសំបុត្រគឺត្រឹមតែ ៩០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងរដូវកាលផ្សព្វផ្សាយនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿថា វត្តមានរបស់ក្រុមហ៊ុន Spring Airlines នឹងចូលរួមបង្កើតការងារ និងនាំមកនូវប្រាក់ចំណូល ជាពិសេសជួយរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ទេសចរណ៍ នៅក្នុងប្រទេសថែមទៀត។
លោកបន្ថែមថា ភ្ញៀវទេសចរមកពីប្រទេសចិន និងជុំវិញពិភពលោក ដែលចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា នឹងបន្តកើនឡើង ស្របពេលដែលរដ្ឋាភិបាលរៀបចំគោលនយោបាយចំហជើងមេឃ ដែលជួយលើកស្ទួយការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយក្រសួងពាណិជ្ជកម្មថែមទាំងដាក់ចេញនូវកំណែទម្រង់ជាច្រើន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងសម្របសម្រួលការអភិវឌ្ឍន៍វិស័យឯកជន។
គួរបញ្ជាក់ដែរថា សម្រាប់ការបើកជើងហោះហើរដំបូង ក្រុមហ៊ុនអាកាសចរណ៍ចិន Spring Airlines នឹងមានបម្រើជូនជើងហោះហើរប្រចាំថ្ងៃចំនួន ៣ខ្សែគឺ ភ្នំពេញ-ក្វាងចូវ, សៀមរាប-សិនចិន និង ក្វាងចូវ-សៀមរាប/ភ្នំពេញ ដែលតម្លៃសំបុត្រគឺត្រឹមតែ ៩០ដុល្លារអាមេរិកក្នុងរដូវផ្សព្វផ្សាយនេះ៕



មតិយោបល់