ស្ទឹងត្រែងៈ ដើមឈើបេងដ៏ធំមួយដើមដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានក្រុមឈ្មួញមួយក្រុមនាំគ្នាលួចអាររំលំដោយប្រើរណាយន្ត ដើម្បីយកទៅលក់ខណៈពេលដែលមេព្រៃក្នុងមូលដ្ឋានមិនយកចិត្តទុកដាក់។ ករណីនេះបានកើតឡើងកាលពីសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសា ខេត្តស្ទឹងត្រែង ។
លោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបញ្ជាឲ្យលោក អនុសេនិ៍យឯក សេន រដ្ឋា នាយរងសេនាធិការដ្ឋានអាវុធហត្ថខេត្តដឹកនាំកងកម្លាំងអាវុធហត្ថចំនួន១៥នាក់ សហការជាមួយរដ្ឋបាលព្រៃឈើធ្វើការចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសព្រៃឈើ ដែលកើតហេតុខាងលើភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននោះរួចមក។
អាវុធហត្ថបានឲ្យដឹងថា ដើមឈើបេងដ៏ធំនេះមានអាយុកាលរាប់រយឆ្នាំមកហើយ ដោយមានមុខកាត់ ១,៦០ម៉ែត្រឯណោះ។ប៉ុន្តែមុនពេលដែលកម្លាំងអាវុធហត្ថចុះទៅដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវឆ្ងាយហើយមានការពិបាកក្នុងការធ្វើដំណើរផងនោះ ក្រុមឈ្មួញក៏បាននាំគ្នាដឹកដើមឈើបេងដែលអារអង្កន់ជាកង់ៗរួច ជម្លៀសចេញផុតបាត់អស់មួយកំណាត់ទៅហើយ នៅសល់តែមួយផ្នែកទៀតតែប៉ុណ្ណោះ ក្រោយមកអាវុធហត្ថក៏បានប្រគល់ជូនឲ្យសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស ដើម្បីដឹកយកទៅរក្សាទុកតែម្តងទៅ៕






មតិយោបល់