ភ្នំពេញៈ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា សុំឲ្យសមត្ថកិច្ចបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយការផ្សារភ្ជាប់ក្នុងន័យអប់រំ សម្តែងឥរិយាបថទន់ភ្លន់ និងសេចក្តីថ្លៃថ្នូរ ។ លោក នេត សាវឿន បានរំលេចថា អ្នកដែលបំពានច្បាប់ចរាចរណ៍ពោល អ្នកមិនគោរពច្បាប់ ឬល្មើសច្បាប់ ត្រូវតែចាត់ការទៅតាមផ្លូវច្បាប់ដោយបញ្ជូនទៅកាន់តុលាការ ។
ក្រៅពីនោះ នាយឧត្តមសេនីយ៍នេត សាវឿន បានជម្រុញឲ្យក្រុមការងារបន្តជម្រុញផ្សព្វផ្សាយអប់រំច្បាប់ឲ្យបានទំលំទូលាយ តាមគ្រប់រូបភាពឲ្យដល់ខ្នងផ្ទះនៅតាមភូមិ ឃុំ ក្រសួង ស្ថាប័ន អង្គភាពនានា គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងបង្កើនការដាក់តាំង បដា ពាក្យស្លោក រូបភាពសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវឲ្យបានច្រើន និងជម្រុញដំណើរការវេទិកាតុមូលទទួលសំណួរពីប្រជាពលរដ្ឋ និងផ្តល់ចម្លើយភ្លាមៗឲ្យមានប្រសិទ្ធភាព។
ការថ្លែងដោយមេប៉ូលិសនៅកម្ពុជារូបនេះ គ្រាដែលអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី៥ តុលា ឆ្នាំ២០១៦ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សម្រាប់ខែកញ្ញា ឆ្នាំ២០១៦ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ នេត សាវឿន ។
លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខែកញ្ញា ឆ្នាំ២០១៦ នេះបានកើតឡើងចំនួន ២៧៥លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ១៣៣នាក់ និងរបួស ៤៣៥នាក់ ភាគច្រើនកើតឡើងនៅ រាជធានីភ្នំពេញ មានចំនួន២៨លើក ខេត្តកំពត ចំនួន២៤លើក និងខេត្តព្រះសីហនុ ចំនួន២០លើក។ ជនរងគ្រោះជាមធ្យមក្នុងថ្ងៃស្លាប់ចំនួន ៤,៤៣នាក់ និងរបួសចំនួន ១៤,៥នាក់។
បើតាមលោក ហ៊ឹម យ៉ាន មូលហេតុនៃគ្រោះថ្នាក់ គឺដោយសារតែ ការបើកបរលើសល្បឿនកំណត់រហូតដល់ទៅ៤២ភាគរយ មិនប្រកាន់ស្តាំ ១៤ភាគរយ មិនគោរពសិទ្ធអាទិភាព ១១ភាគរយ វ៉ាជែង ១១ភាគរយ បត់ ៨ភាគរយ កត្តាយានយន្ត ៣ភាគរយ កត្តាផ្លូវ ១ភាគរយ និងងងុយដេក ១ភាគរយ ។
យោងទៅតាមរបាយការណ៍ពីប៉ូលិស បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះបើ ប្រៀបធៀបទៅនឹងខែកញ្ញាឆ្នាំ២០១៥ គ្រោះថ្នាក់ថយចុះចំនួន ១៩លើក ស្មើ ៧ភាគរយ អ្នកស្លាប់ថយចុះចំនួន ១៨នាក់ ស្មើ ១៣ភាគរយ និងអ្នករបួសថយចុះចំនួន ៩១នាក់ ស្មើ ២១ភាគរយ ។ ដោយឡែក ការប្រៀបធៀបសម្រាប់ខែសីហា ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ថយចុះចំនួន ១៥លើក ស្មើ ៥ភាគរយ ស្លាប់កើនចំនួន ៣នាក់ ស្មើ ២ភាគរយ និងអ្នករបួសថយចុះចំនួន ៦០នាក់ ស្មើ ១៤ភាគរយ ។ រីឯការគ្រោះថ្នាក់ ក្នុងពេលបុណ្យភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃវិញ (ថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា) ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ មានចំនួន ៧៥លើក ថយចំនួន ៣៤លើក ស្មើ ៤៥ភាគរយ ស្លាប់ចំនួន ២៨នាក់ ថយចុះចំនួន ១៧នាក់ ស្មើ ៦០ភាគរយ និងរបួសចំនួន ១៤៩នាក់ ថយចុះចំនួន ៦៩នាក់ ស្មើ ៤៦ភាគរយ ៕
មតិយោបល់