សម្លេង Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» អាចនឹងត្រូវផ្តាច់វិញទាំងអស់ នៅចុងខែមីនានេះ។ នេះបើយោងតាមការឲ្យដឹងពីលោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា។
បច្ចុប្បន្ន ក្រសួងប្រៃសណីយ៍កំពុងរង់ចាំ ការសម្រេចជាផ្លូវការពី រដ្ឋាភិបាល មុននឹងធ្វើការជូនដំណឹងនេះទៅ ក្រុមហ៊ុនទូរស័ព្ទនៅកម្ពុជា។
គួររម្លឹកដែរថា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីបញ្ហានេះ រួមទាំងក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវរៀបចំខលធូន និង សារ ទៅកាន់អតិថិជនទៀតផង។
យ៉ាងណាមិញ សម្លេង Call Tune អាចនឹងត្រូវផ្តាច់ ខណៈការផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗ ទុកនៅដដែល។
ដោយសារមានប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទ មានការយល់ច្រឡំថា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥណទានជនបទ ជាគ្រឹះស្ថានរបស់រដ្ឋ ទើបរដ្ឋាភិបាលចង់បញ្ជាក់ឲ្យច្បាស់ថា គ្រឹះស្ថានទាំងនោះ គឺជាក្រុមហ៊ុនឯកជន ស្វែងរកប្រាក់ចំណេញ៕
មតិយោបល់