រោងចក្រផលិតចំណីសត្វ ម៉ុង ឬទ្ធី ដែលចំណាយដើមទុនប្រមាណ ១០លានដុល្លារអាមេរិក នឹងដាក់សម្ពោធឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ២ ខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ម៉ុង ឬទ្ធី បានឲ្យដឹងនៅម្សិលមិញនេះ។
លោក ម៉ុង ឬទ្ធី បានបញ្ជាក់ថា ដើម្បីផលិតចំណីសត្វប្រកបដោយគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងមិនប៉ះពាល់ដល់សុខភាពសត្វ គឺទាមទារឲ្យមានមន្ទីរពិសោធន៍ ហើយក្រុមអ្នកបច្ចេកទេស បាននឹងកំពុងតម្លើងឧបករណ៍សម្ភារៈនាំចូលពី ប្រទេសអ៊ីតាលី អាមេរិក នឹងអាល្លឺម៉ង់ផងដែរ។
រោងចក្រផលិតចំណីសត្វនេះ មានឈ្មោះថា ក្រុមហ៊ុន M’s Pig ACMC ដែលមានសមត្ថភាពផលិតចំណីសត្វប្រមាណ ៦ម៉ឺនតោនក្នុងមួយឆ្នាំ នឹងមានទីតាំងនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រោងចក្រដ៏ថ្មីនេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប អាចផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករ អាចលក់ផលិតផលកសិកម្មរបស់ពួកគេ សម្រាប់ធ្វើជាវត្ថុធាតុដើម ផលិតចំណីសត្វ៕
មតិយោបល់