គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៦នេះ រោងចក្រឧស្សាហកម្មនៅកម្ពុជា បានកើនឡើងរហូតដល់ ១៥៥៤រោងចក្រ ខណៈដែលនៅឆ្នាំ ២០១២ មានត្រឹមតែ ៧០៩រោងចក្រប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
រោងចក្រទាំងអស់នោះរួមមាន រោងចក្រតម្បាញ កាត់ដេរ ស្បែកជើង កាបូប មានចំនួន ១០៦រោងចក្រ, រោងចក្រអាហារ ភេសជ្ជៈ និងបារីមានចំនួន ១៣៤រោងចក្រ, រោងចក្រឧស្សាហកម្មកែច្នៃលោហៈធាតុ មានចំនួន ១១០រោងចក្រ, រោងចក្រគីមី កៅស៊ូ និងផ្លាស្ទិក មានចំនួន ១០៩រោងចក្រ, រោងចក្រផលិតក្រដាសមានចំនួន ៤២រោងចក្រ, រោងចក្រឧស្សាហកម្មរ៉ែមិនមែនលោហៈ មានចំនួន ២៩រោងចក្រ, រោងចក្រគ្រឿងសង្ហារឹម មានចំនួន ៣៣រោងចក្រ និងរោងចក្រឧស្សាហកម្មផ្សេងៗទៀត មានចំនួន ៣៦រោងចក្រ។
ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក៏បានធ្វើការប៉ាន់ប្រមាណតម្លៃសរុបបរិមាណផលិតផលឧស្សាហកម្ម នៅឆ្នាំ ២០១៦នេះ មានតម្លៃប្រមាណជិត ៧ពាន់លានដុល្លារអាមេរិក ដែលកើនឡើងពីប្រមាណ ៤ពាន់លានដុល្លារនៅឆ្នាំ ២០១២ សម្រាប់ផលិតផលសម្លៀកបំពាក់ និងស្បែកជើង។
គួរបញ្ជាក់ដែរថា ចំនួនពលករចន្លោះពីឆ្នាំ ២០១២ បានកើនឡើងពីជាង ៥៥ម៉ឺននាក់ រហូតដល់ ៩១ម៉ឺននាក់ នៅត្រឹម ៩ខែ ឆ្នាំ ២០១៦នេះ៕
មតិយោបល់