ភ្នំពេញៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ពលករខ្មែរជាច្រើន បានចាកចេញពីប្រទេសកំណើតទៅធ្វើការនៅប្រទេសកូរ៉េ ដើម្បីបានប្រាក់ខែខ្ពស់យកមកផ្គត់ផ្គង់គ្រួសារនៅឯស្រុក។
ក្រៅពីពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ក៏មាននារីខ្មែរមិនតិចអ្នកឡើយ ដែលរៀបការជាមួយប្ដីជនជាតិកូរ៉េ នេះដោយសារតែកត្តាជីវភាព។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវសូមឲ្យការចំណាកស្រុករបស់ពលករខ្មែរធ្វើដោយស្របច្បាប់ចៀសវាង ការធ្វើបាប មាក់ងាយ និងចាប់បញ្ជូនមកវិញ ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយរដ្ឋមន្រ្តីកម្ពុជា ក៏បានរំលេចអំពីបញ្ហានេះដែរ ដោយលោកសន្យាថា នឹងជួយសម្រួលបញ្ហាមួយចំនួន ជូនពលករខ្មែរនៅទីនោះ។
ថ្លែងក្នុងការសំណេះសំណាលជាមួយតំណាងសមាគមពលករខ្មែរ សមាគមនារីខ្មែររៀបការជាមួយគ្រួសារជនជាតិកូរ៉េ តំណាងសមាគមសិស្ស និស្សិត តំណាងព្រះពុទ្ធសាសនានៅក្នុងប្រទេសកូរ៉េ និងតំណាងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៦ វិចិ្ឆកា ម្សិលមិញ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នឹងដោះស្រាយនូវតម្រូវការសំខាន់ៗដល់ប្រជាពលករនៅក្នុងប្រទេសកូរ៉េ។
លោក ហ៊ុន ម៉ាណែត “នេះ គឺជាការគិតគូរអំពីសុខទុក្ខពីការធ្វើការ និងការរស់នៅរបស់បងប្អូន ខ្មែរនៅក្នុងប្រទេសកូរ៉េ ពីសំណាក់រាជរដ្ឋាភិបាល ដោយបង្កើតនូវយន្តការងាយស្រួលមួយ និងសំខាន់ៗមួយចំនួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងពលករដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ”។
បើតាមលោក ហ៊ុន ម៉ាណែត “នេះមិនមែនជាលើកទីមួយទេ ដែលយើងបានជួបគ្នា ហើយថ្ងៃនេះ យើងបានមកអង្គុយជាមួយគ្នា ដើម្បីស្តាប់ឲ្យបានច្រើន និងព្យាយាមដោះស្រាយនូវរាល់តម្រូវការសំខាន់ៗ បន្ថែមទៀត ដោយមន្រ្តីជំនាញ និងសិក្សាស្វែងយល់ និងដាក់ចុះផែនការនៅពេលខាងមុខ ដើម្បីឆ្លើយតបនូវសំណូមពរ តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងប្រជាពលករខ្មែរនៅប្រទេសកូរ៉េ ដែលនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់ទីកន្លែង។
ជាមួយគ្នានោះដែរ តំណាងសមាគមស្រ្តីខ្មែររៀបការជាមួយគ្រួសារកូរ៉េក៏បានលើកឡើងអំពីការលំបាក និងបញ្ហាមួយចំនួនដាក់ជូនថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជំនាញជួយសិក្សា និងដោះស្រាយ នូវបញ្ហាទាំងអស់នោះ ដើម្បីជាការបង្កនូវលក្ខណៈងាយស្រួលតាមផ្លូវច្បាប់សម្រាប់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េ៕
មតិយោបល់