ភ្នំពេញៈ ទេសរដ្ឋមន្រ្តីទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បញ្ជាក់ថា សភាពការណ៍គ្រោះមហន្តរាយឆ្នាំ២០១៦នេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ បើទោះជាមាន គ្រោះរាំងស្ងួត ខ្យល់កន្រ្តាក់ រន្ទះបាញ់ និងទឹកជំនន់នៅតំបន់មួយចំនួនក្តី តែផលដំណាំរបស់ប្រជាកសិករមានការលូតលាស់ល្អប្រសើរ។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានមានប្រសាសន៍នៅក្នុងពិធីប្រកាស តែងតាំង និងផ្តល់ឋានៈមន្រ្តីរាជការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១០ ខែវិច្ឆិកា នេះថា “ក្នុងឆ្នាំ២០១៦មានគ្រោះមហន្តរាយកើតឡើង ពិសេសគ្រោះមហន្តរាយដោយធម្មជាតិ បានកើតមានទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងពិភពលោក ដោយសារការប្រែប្រួលអាកាសធាតុ និងដោយកត្តាមនុស្សជាអ្នកបង្ក”។
លោកថា បន្តទៀតថា “សម្រាប់កម្ពុជា ក៏កើតមានបញ្ហាគ្រោះរាំងស្ងួត ខ្យល់ព្យុះ ផ្គររន្ទះបាញ់ និងទឹកជំនន់ រីឯទឹកទន្លេមេគង្គឡើងសមល្មម ពោលគឺមិនជន់ខ្លាំងទេ វាបានបង្កលក្ខណៈអំណោយផលដល់ប្រជាជនក្នុងការបង្កបង្កើនផលបានយ៉ាងល្អប្រសើរ។ ក៏ប៉ុន្តែនៅក្នុងអំឡុងខែតុលា មានជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ ធ្វើឲ្យបាក់ទំនប់ និងផ្លូវថ្នល់មួយចំនួន តែពុំមានការបាត់បង់អាយុជីវិតមនុស្សទេ ហើយអាជ្ញាធរពាក់ព័ន្ធបានចាត់វិធានការទប់ស្កាត់ ជួសជុល និងស្តារឡើងវិញបានទាន់ពេលវេលា។”
លោកទេសរដ្ឋមន្រ្តីរំលឹកថា “កាលពីអំឡុងខែសីហាកន្លងទៅកម្ពុជា ក៏ជួបគ្រោះរាំងស្ងួតមួយ ដែលកូនរដូវប្រាំងបានអូសបន្លាយពេលវែង ធ្វើឲ្យតំបន់មួយចំនួនខ្វះទឹកប្រើប្រាស់សម្រាប់មនុស្ស សត្វ។ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការទ្រង់ទ្រាយធំ ដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដោយសហការជាមួយក្រសួងស្ថាប័ន អង្គភាពជាតិ អន្តរជាតិ កាកបាទក្រហម យុវជន និងព្រះសង្ឃ ដោះស្រាយគ្រោះរាំងស្ងួតរយៈពេល២ខែ គឺខែមេសានិងខែមិថុនា ដោយស្វែងរកទឹក ដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ប្រមាណជា២.៥លាននាក់ បានទាន់ពេលវេលា។
លោក ញឹម វណ្ណដា បញ្ជាក់ទៀតថា គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយអង្គភាពពាក់ព័ន្ធ ធ្វើការប៉ាន់ប្រមាណនូវផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួតទាំងនោះ ដើម្បីជាមូលដ្ឋានក្នុងការស្តារឡើងវិញ តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី៕
មតិយោបល់