ព័ត៌មានសេដ្ឋកិច្ច

អគារប៊ូឌីញ ស៖ ក្លាយជាអគារថ្មី២១ជាន់តម្លៃ ៨០លានដុល្លារ ឬយកសំណង ៧ម៉ឺនដុល្លារ?

ក្រោយការជួបពិភាក្សារវាងលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងប្រជាពលរដ្ឋប្រមាណ ៥០០គ្រួសារ លើបញ្ហាការអភិវឌ្ឍន៍អគារប៊ូឌីញនេះ នៅពុំទាន់ឈានដល់សេចក្តីសម្រេចជារួមឡើយ។

បើប្រជាពលរដ្ឋយល់ព្រមទទួលដំណោះស្រាយដោយការអភិវឌ្ឍន៍អគារថ្មី ក្រសួង នឹងសហការជាមួយក្រុមហ៊ុន Arakawa ចាប់ផ្តើមសាងសង់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៧ខាងមុខនេះ លើគម្រោងសាងសង់អគារថ្មី ២១ជាន់ ដោយចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។

អគារថ្មីនេះ នឹងមានចំណតចំនួន ៣ជាន់, កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ហើយចាប់ពីជាន់ទី ៩ឡើងទៅ ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន Arakawa។

គម្រោងនេះ នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៤ឆ្នាំ ដោយប្រជាជនអាចផ្លាស់ទៅស្នាក់នៅបណ្តោះអាសន្ន ក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ម្តុំទឹកថ្លា។

បច្ចុប្បន្ន អគារប៊ូឌីញ ស មានសភាពចាស់ទ្រុឌទ្រោមខ្លាំង អាចប៉ះពាល់ដល់សុវត្ថិភាព ទាមទារការសាងសង់ថ្មី ប៉ុន្តែប្រជាជនភាគច្រើន កំពុងចរចារចង់បានប្រាក់សំណងពី ៥ ទៅ ៧ម៉ឺនដុល្លារ ជាថ្នូរនឹងការដើរចេញ ជាជាងរង់ចាំការសាងសង់អគារថ្មី។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្លាប់បានលើកឡើងដែរថា អគារនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ដែលអាចបាក់ស្រុត និងបង្កជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។

យ៉ាងណាមិញ លោក ជា សុផារ៉ា បានបង្កើតគណៈកម្មការរៀបចំគម្រោង អគារប៊ូឌីញ ស ដើម្បីបន្តការចរចារជាមួយប្រជាជន និងសិក្សាបន្ថែមពីការអភិវឌ្ឍន៍នេះ ដែលរំពឹងនឹងទទួលបានជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា ស្ថាបត្យករខ្មែរ លោក លូ បានហាប់ បានចាប់ដៃគូជាមួយនឹង ស្ថាបត្យកររុស្ស៊ីលោក Vladimir Bodiansky រចនាអគារនេះឡើង និងសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៦៣៕

14938396_1009173415878544_4240351903915174248_n b1 14947916_1009173445878541_3859213199427677147_n

មតិយោបល់