មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ Jack MA បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា បើ Donald Trump មិនសហការជាមួយប្រទេសចិននោះទេ ពិភពលោកនឹងជួបវិបត្តិដ៏ធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន CNNMoney ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ទំនាក់ទំនងវិជ្ជមាន និងរឹងមាំរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ នឹងជួយដោះស្រាយបញ្ហាជាច្រើននៅជុំវិញសកលលោក តែបើមិនសហការគ្នាវិញ ភាពអន្តរាយនឹងកើតមានឡើង។ នេះបើយោងតាមសម្តីរបស់លោក Jack MA។
Jack MA គឺសុទិដ្ឋិនិយមថា Donald Trump មិនធ្វើដូចការគំរាមរបស់គាត់ ដែលចង់បន្ថែមពន្ធលើទំនិញចិន នាំចូលទៅអាមេរិកនោះទេ ព្រោះទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺចាំបាច់បំផុត។
Jack MA ជឿថា «នេះមិនមែនជាលើកទី១ទេ ដែលបេក្ខភាពប្រធានាធិបតី គំរាមដល់ប្រទេសដទៃ តែមិនបានធ្វើវា ព្រោះនៅពេលក្លាយជាអ្នកដឹកនាំពិតប្រាកដ ទើបពួកគេយល់ថា បន្ទុកធំប៉ុណ្ណា ពិភពលោកនេះមិនមែនសាមញ្ញនោះទេ ហើយ Donald Trump ជាមនុស្សឆ្លាត គាត់ប្រាកដជាសម្របខ្លួន មិនប្រឆាំង និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងនេះទេ»។
ជាចុងក្រោយ Jack MA ក៏រំពឹងនឹងជួបពិភាក្សាជាមួយ Donald Trump ក្នុងពេលឆាប់ៗខាងមុខនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំថ្មីរបស់អាមេរិក នឹងផ្តោតលើពាណិជ្ជកម្ម និងសកលភាវូបនីយកម្ម និងបំភ្លេចនូវរឿងមិនល្អ ដែលកើតឡើងក្នុងទសវត្សរ៍ចុងក្រោយនេះ៕
មតិយោបល់