ព័ត៌មានសេដ្ឋកិច្ច

GreenLeader នឹងសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំ នៅខេត្តក្រចេះ

កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader ដែលជាក្រុមហ៊ុនមួយបានបោះទុននិវិយោគក្នុងកម្រិតធំ លើការកែច្នៃផលិតផលដំឡូងមី។

លោក Tse បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសនោះថា ក្រុមហ៊ុន GreenLeader ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅទីក្រុងហ៊ុងកុង ហើយបានចូលមកកម្ពុជាដើម្បីបង្កើតជារោងចក្រកែច្នៃដំឡូងមីខ្នាតធំ សម្រាប់កែច្នៃដំឡូងមីទៅជាម្សៅ។

លោក Tse បានបញ្ជាក់ថា ជាការចាប់ផ្ដើមអនុវត្តដំបូងទៅលើចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន GreenLeader ក្រុមហ៊ុននឹងចាប់ផ្ដើម​សាងសង់រោងចក្រទី១ នៅខេត្តក្រចេះ នៅអំឡុងខែមេសាខាងមុខនេះ ដោយរោងចក្រនេះមានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅប្រមាណ ១០០,០០០ តោនក្នុងមួយឆ្នាំ។

ជាមួយនោះផងដែរ លោក Tse បានបញ្ជាក់ថា ដើម្បីអាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច ៥០០,០០០ តោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម (Contract Farming) ជាមួយនឹងកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត។

លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន ៥ ក្នុងរយៈពេល ២ឆ្នាំ ដោយរោងចក្រទីពីរ អាចនឹងសាងសង់នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ។

ជាមួយនឹងផលិតផលដំឡូងមី ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ជាផលិតផលកសិកម្មធំទីពីររបស់កម្ពុជា បន្ទាប់ពីស្រូវ ហើយក៏ជាផលិតផលមួយដែលមានសក្ដានុពលខ្ពស់សម្រាប់កែច្នៃ និងនាំចេញ ដោយដំឡូងមីអាចកែច្នៃទៅជាមុខទំនិញជាច្រើនដូចជា ម្សៅមី ប្រេងឥន្ធនៈអេតាណុល គ្រាប់ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគដទៃទៀត។

ឯកឧត្តម សង្ឃឹមថា ការវិនិយោគនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករកម្ពុជា ជាពិសេសបង្កើនចំណូលរបស់ពួកគាត់ កាត់បន្ថយចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ៕

មតិយោបល់