ព័ត៌មានសុខភាព

លែងភ័យបញ្ហាហើមដក់ក្រោមភ្នែកទៀតហើយ ៥វិធីនេះអាចជួយបាន

ការគេងមិនបានគ្រប់គ្រាន់ គឺជាដើមហេតុចម្បងដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសម្ភស្សយ៉ាងខ្លាំង ជាពិសេសបញ្ហាហើមថង់ដក់ក្រោមភ្នែក និងរង្វង់ភ្នែកខ្មៅ។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាបែបនេះមែន ហើយធ្លាប់ប្រើផលិតផលអស់ជាច្រើនតែមិនទាន់ទទួលបានផល សូមសាកល្បងវិធីធម្មជាតិទាំង៥យ៉ាងនេះវិញ៖

ដំឡូងបារាំង
ដំឡូងបារាំង ជាបន្លែមួយប្រភេទដែលមានជាតិទឹកខ្ពស់ អាចព្យាបាលការរលាក ហើម និងថែបំប៉នស្បែកឲ្យមានជាតិសំណើមបានយ៉ាងល្អ។

របៀបធ្វើ៖
– ចិតដំឡូងបារាំងជាចំណិតៗទំហំ១.៥cm ហើយយកទៅក្លាសសេ ១០នាទី
– យកដំឡូងបារាំងដែលក្លាសសេរួច មកបិតលើត្របកភ្នែកដែលហើម រួចទុកវាឲ្យបាន ១៥នាទី

ត្រសក់
ត្រសក់ ត្រូវបានមនុស្សភាគច្រើនយកមកធ្វើបិតមុខ ព្រោះជ័រត្រសក់អាចធ្វើឲ្យផ្ទៃមុខភ្លឺរលោង តឹងណែនល្អ គួរឲ្យចង់ស្ទាបអង្អែល។

របៀបធ្វើ៖
– ចិតត្រសក់ជាចំណិតៗទំហំ០.៥cm ហើយយកវាមកបិតពេញទាំងរង្វង់ភ្នែក រហូតចំណិតត្រសក់ឡើងក្តៅ
– បន្ទាប់មកប្តូរចំណិតត្រសក់ថ្មី តែអ្នកត្រូវធ្វើរបៀបនេះឲ្យបាន២០នាទី លោកអ្នកនឹងមានអារម្មណ៍ប្លែក

តែបៃតង
តែបៃតង ជាឱសថការពារមិនឲ្យមានការហើមដក់ទឹក សម្អាតជាតិពុលក្នុងខ្លួន និងការពារការរលាកគ្រប់ប្រភេទក្នុងរាងកាយ ប្រសិនបើអ្នកទទួលទាន ២ដងជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។

របៀបធ្វើ៖
– យកតែបៃតងពីរកញ្ចប់តូចទៅជ្រលក់ទឹកក្តៅឧណ្ឌៗ
– បន្ទាប់ពូតទឹកចេញ ហើយដាក់ស្អំលើក្របកភ្នែកដែលហើម

ទឹកដោះគោ ឬទឹកដោះពពែ
ការប្រើទឹកដោះគោ ឬទឹកដោះពពែ សម្រាប់ព្យាបាលថង់ដក់ក្រោមភ្នែក ជាវីធីងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់បំផុត។

របៀបធ្វើ៖
– យកទឹកដោះគោ ឬទឹកដោះពពែ ទៅក្លាសសេ
– នៅពេលដែលវាត្រជាក់ អ្នកត្រូវយកសំឡី ឬស្បៃទន់ៗ ទៅជ្រលក់ឲ្យសើម
– រួចយកមកជូតនៅន្លែងដែលមានបញ្ហាឲ្យសព្វ

ផ្លែប៉ោម
នៅពេលមនុស្សអស់កម្លាំង ផ្លែប៉ោមអាចជួយសម្រួលសាច់ដុំគ្រប់កន្លែងលើសារពាង្គកាយ សូម្បីសាច់ដុំលើផ្ទៃមុខក៏អាចជួយបានដែរ។

របៀបធ្វើ៖
– យកផ្លែប៉ោម ១ផ្លែទៅក្លាសសេរហូតទល់តែត្រជាក់
– រួចកោសវាឲ្យម៉ត់ ហើយលាយជាមួយម្សៅស្រូវសាឡី
– យកវាមកបិតឲ្យពេញផ្ទៃមុខ និងរង្វង់ភ្នែក
– ទុកវាឲ្យបាន ១៥នាទី រួចលាងមុខដោយទឹកត្រជាក់

សូមអនុវត្តជារៀងរាល់ថ្ងៃ បញ្ហាហើមដក់ក្រោមភ្នែក ឬរង្វង់ភ្នែកខ្មៅ នឹងរលាយបាត់បន្តិចម្តងៗរហូតទាល់តែអស់៕

មតិយោបល់