ជំងឺមហារីកត្រូវបានគេចាត់ទុកថា ជាឃាតករដ៏សាហាវបំផុតក្នុងការឆក់យកជីវិតមនុស្ស ប្រសិនបើអ្នកជំងឺមិនអើពើនឹងរោគសញ្ញាដំបូងរបស់វា។ ជាធម្មតា រោគសញ្ញានៃជំងឺមហារីកមានដូចជា ដំបៅមិនងាយជា រាងកាយគ្មានកម្លាំង ខ្សោយប្រព័ន្ធភាពស៊ាំ ខូចមុខងារសរីរាង្គ…ប៉ុន្តែមានជំងឺមហារីក៣ប្រភេទ ដែលគំរាមកំហែងដល់ជីវិតខ្លាំងបំផុត ព្រោះវាមិនងាយនឹងបង្ហាញរោគសញ្ញាដំបូងឡើយ។
១. មហារីកក្រពេញប្រូស្តាត
បច្ចុប្បន្ននេះ ជំងឺមហារីកក្រពេញប្រូស្តាតកំពុងតែមានការកើតឡើងយ៉ាងខ្លាំង ជាពិសេសចំពោះបុរសវ័យលើស៥០ឆ្នាំ។
ជំងឺមហារីកក្រពេញប្រូស្តាត អាចគំរាមកំហែងជីវិតមនុស្សយ៉ាងខ្លាំង ដោយសារតែវាមិនបង្ហាញរោគសញ្ញាច្បាស់លាស់ រហូតដល់អាការធ្ងន់ធ្ងរ។ ដូច្នេះបុរសគ្រប់រូប គួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បីរកមើលរោគសញ្ញាដំបូងនៃជំងឺនេះ។
២. មហារីកពោះវៀនធំ
មហារីកពោះវៀនធំ គឺជាជំងឺមួយប្រភេទដែលអាចប៉ះពាល់ធ្ងន់ធ្ងន់ដល់ពោះវៀន ទាំងបុរស និងស្ត្រី ហើយវាកម្រនឹងបង្ហាញរោគសញ្ញាខ្លាំងណាស់។
ទន្ទឹមនឹងនេះ ករណីឈឺក្រពះ ដំបៅ រលាកពោះវៀន…ក៏អាចជារោគសញ្ញាដំបូងនៃជំងឺមហារីកពោះវៀនធំដែរ ប៉ុន្តែមនុស្សភាគច្រើនតែងមើលរំលង ព្រោះគិតថា វាមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។
៣.មហារីកពងស្វាស
ប្រភេទនៃជំងឺមហារីកនេះ អាចប៉ះពាល់ដល់ពងស្វាស ឬប្រដាប់បន្តពូជរបស់បុរស។ មហារីកពងស្វាសត្រូវបានគេទទួលស្គាល់ថា ជាឃាតករលាក់មុខ ដោយសារតែវាមិនងាយនឹងបង្ហាញរោគសញ្ញាណាមួយក្នុងដំណាក់កាលដំបូងឡើយ។
ជំងឺមួយប្រភេទនេះអាចព្យាបាលបាន បើអ្នករកឃើញដំណាក់កាលដំបូង។ ប៉ុន្តែ ប្រសិនបើករណីកើតឡើងយូរហើយ ច្បាស់ជាមានផលវិបាកធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់ជីវិតថែមទៀត៕
មតិយោបល់