ព័ត៌មានជាតិ

បញ្ជូនខ្លួន យាយព្រឿងមេឈ្នួញឈើខេត្តស្ទឹងត្រែង កាន់សាលាដំបូងសាកសួរបន្ថែម

ភ្នំពេញៈ ក្រោយពីជាប់ពន្ធនាគារជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅនោះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃស ម១ នាំខ្លួនជនជាប់ចោទឈ្មោះ ហេង សំនាង ហៅយាយព្រឿង ភេទស្រី អាយុ ៥៧ឆ្នាំ ដែលជាមេឈ្មួញរកស៊ីជួញដូរឈើប្រណីតយ៉ាងសកម្ម និងដុះស្លែ ប្រចាំខេត្តស្ទឹងត្រែង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរបន្ថែម ពាក់ព័ន្ធជំនួញឈើដោយខុសច្បាប់។

ជនជាប់ចោទឈ្មោះ ហេង សំនាង ហៅយាយព្រឿង ត្រូវបានលោក សេង ហៀង តំណាងអយ្យការ ចោទប្រកាន់ ចំនួន ៣បទល្មើសគឺ ទី១បទ ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត, ទី២បទ ការហាមឃាត់ចំពោះការចូល និងស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដល់ទណ្ឌិតដែលជាជនបរទេស, ទី៣ បទ ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ និង១៣ ខែតុលា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសយោងតាមមាត្រា ៩៨ នៃច្បាប់ស្តីអំពីព្រៃឈើ មាត្រ៦១ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ។

គួររំឭកថា ជនជាប់ចោទ ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ខណៈដែលជនជាប់ចោទ យករថយន្តសាំយ៉ុង២គ្រឿង និងនាំកម្មករជាង១០នាក់ ចូលទៅដឹកឈើជាវត្ថុតាងបទល្មើសព្រៃឈើដែលសមត្ថកិច្ចរឹបអូសបាន រួចរក្សាទុកនៅក្នុងបរិវេណស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់។

ឈ្មោះ ហេង សំនាង ហៅ យាយព្រឿង ត្រូវបានសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចស្នើរសុំប្តូរសមត្ថកិច្ចតុលាការ ពីតុលាការខេត្តស្ទឹងត្រែង មកសាលាដំបូងរាជធានីភ្នំពេញ៕

https://youtu.be/S1zWHrp1LHc

មតិយោបល់