បន្លែផ្លែឈើ ជាចំណីអាហារដែលមនុស្សត្រូវការជាចាំបាច់ និងមិនអាចកាត់ផ្តាច់ចេញពីការជីវភាពរស់នៅប្រចាំថ្ងៃបានឡើយ។ ប៉ុន្តែបន្លែផ្លែឈើនៅលើទីផ្សារសព្វថ្ងៃនេះ សម្បូរទៅដោយថ្នាំគីមីសម្លាប់សត្វល្អិត។ ដូច្នេះដើម្បីជៀសវាងបន្លែផ្លែឈើដែលមានថ្នាំគីមី យើងត្រូវធ្វើការជ្រើសរើស និងសម្អាតបន្លែផ្លែឈើ ឲ្យមានអនាម័យមុនទទួលទាន។ ក្នុងការលាងសម្អាតបន្លែផ្លែឈើឲ្យអស់ថ្នាំគីមី លោកអ្នកអាចអនុវត្តន៍តាម៤វិធីខាងក្រោមនេះ៖
១.ដុសលាង ជាមួយទឹកត្រជាក់
មានការសិក្សាជាច្រើនបានបង្ហាញថា ទឹកត្រជាក់អាចកម្ចាត់ថ្នាំគីមីជិត៨០ភាគរយ ដែលមានជាប់លើបន្លែផ្លែឈើបានយ៉ាងពូកែ។ ប៉ុន្តែការលាងធម្មតាមិនសូវមានប្រសិទ្ធភាពទេ លុះត្រាតែយើងធ្វើការដុសលាងឲ្យសព្វកផ្ទៃខាងក្រៅរបស់បន្លែផ្លែឈើបន្ថែមទៀត។
២.ត្រាំទឹកអំបិល
ករប្រើទឹកអំបិល ក៏ជាវិធីដែលអាចកម្ចាត់ថ្នាំគីមី ដែលមានជាប់លើបន្លែផ្លែឈើបានយ៉ាងពូកែដែរ។ លោកអ្នកអាចលាយអំបិល ២ស្លាព្រាបាយជាមួយទឹកក្តៅឧណ្ឌៗ ៤កែវ សម្រាប់ត្រាំបន្លែផ្លែឈើ ពី៣០ទៅ៦០នាទី។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចលាយអំបិល និងទឹកឲ្យច្រើនជាងនេះ ឲ្យសមស្របទៅនឹងចំនួនបន្លែផ្លែឈើរបស់អ្នក។
៣.ទឹកខ្មេះ
ការលាងបន្លែផ្លែឈើ ជាមួយទឹកខ្មេះ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយទៀតសម្រាប់កម្ចាត់ថ្នាំគីមី។ លាយទឹកខ្មេះ១ពែង ជាមួយទឹក៤កែវ សម្រាប់ត្រាំបន្លែផ្លែឈើ ពី៣០ទៅ៦០នាទី ហើយលាងវាស្អាតឲ្យជាមួយទឹកត្រជាក់។
៤.ក្រូចឆ្មារ និងទឹកខ្មេះ
ពេលធ្វើដំណើរកំសាន្ត លោកអ្នកប្រហែលគ្មានពេលគ្រប់គ្រាន់សម្រាប់លាងសម្អាតបន្លែផ្លែ មុនទទួលទាននោះទេ។ លោកអ្នកអាចលាយ ទឹកក្រូចឆ្មារ១ស្លាបព្រា ទឹកខ្មេះ២ស្លាបព្រា និងទឹក១ពែង ហើយដាក់ក្នុងដបបាញ់ទឹក ដើម្បីងាយស្រួលយកតាមខ្លួន សំរាប់បាញ់កម្ចាត់ថ្នាំគីមីនៅគ្រប់កន្លែង។ ពេលបាញ់រួច ត្រូវជូតវាឲ្យបាន ៣០វិនាទី រួចលាងទឹកធម្មតា៕
មតិយោបល់