បន្ទាប់ពីលេចឮព័ត៌មាននៃការប្រកាសរបស់ក្រុមហ៊ុនអនឡាញមួយនៅប្រទេសហ្វីលីពីន ជាមួយទូរស័ព្ទដៃ Nokia 6 ពណ៌ស កាលពីម្សិលមិញ ក្រុមហ៊ុនផលិត Nokia គឺ HMD Global បានប្រកាសបដិសេធចំពោះវត្តមានរបស់ទូរស័ព្ទរបស់ខ្លួននោះ។
នាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន HMD បានថ្លែងថា៖ «យើងមិនទាន់បានបើកសម្ពោធលក់ Nokia 6 នៅក្នងទីផ្សារនៃប្រទេសហ្វីលីពីននៅឡើយទេ។ ចំពោះក្រុមហ៊ុនឈ្មោះ Lazada គឺជាភាគីទីបី និងមិនមែនតំណាងចែកចាយផលិតផលទូរស័ព្ទ Nokia មានអាជ្ញាបណ្ណពីយើងនោះទេ»។
តាមរយៈសេចក្តីប្រកាសបដិសេធនេះ គ្រប់គ្នាពិតជាដឹងច្បាស់ហើយថា ពុំមាន Nokia 6 ពណ៌ស នៅលើទីផ្សារនោះទេ ម្យ៉ាងទៀត រូបភាពពណ៌សរបស់វា ដែលប្រកាសលក់នៅលើអនឡាញដោយក្រុមហ៊ុន Lazada នោះ ក៏ត្រូវបានប្តូរទៅជាពណ៌ខ្មៅវិញរួចទៅហើយដែរ។
ក្រុមហ៊ុន HMD Global បានថ្លែងបញ្ជាក់ថា វាពិតជាអាចទៅរួចដែលក្រុមអ្នកចែកចាយបន្តជាភាគីទី៣ មាន Nokia 6 ក្នុងចំនួនដ៏តិចតួចក្នុងដៃសម្រាប់លក់ ដោយពួកគេអាចនឹងនាំចូលវាដោយខ្លួនឯង ព្រោះរហូតមកទល់ពេលនេះ គ្មានការបើកសម្ពោធលក់ Nokia 6 ផ្លូវការណា ក្រៅពីប្រទេសចិននោះទេ៕
ប្រភពព័ត៌មាន៖ gsmarena
មតិយោបល់