ព័ត៌មានសុខភាព

បើឃើញអណ្តាតចេញសញ្ញាបែបនេះ ត្រូវប្រញាប់ទៅរកពេទ្យភ្លាម

គ្រប់សរីរាង្គនៅក្នុងរាងកាយទាំងអស់សុទ្ធតែមានសារៈសំខាន់ និងមានមុខងារពិសេសរៀងៗខ្លួន ហើយសូម្បីតែអណ្តោតក៏ដូចគ្នាដែរ។ អណ្តាតអាចជួយឲ្យយើងនិយាយកើត និងភ្លក់រសជាតិអាហារផ្សេងៗ ប៉ុន្តែតើអ្នកដឹងទេ? អណ្តោតក៏អាចប្រាប់ពីបញ្ហាសុខភាពរបស់យើងបានដែរ។ ការសង្កេតមើលតាមរយៈ ពណ៌ ឬក្លិន របស់អណ្តាត អ្នកអាចដឹងបានថា ខ្លួនរបស់អ្នកកុំពុងតែមានសុខភាពល្អ ឬអាក្រក់។ ខាងក្រោមនេះ គឺជារោគសញ្ញាផ្សេងៗរបស់អណ្តាត ដែលអាចបង្ហាញថា អ្នកកំពុងមានបញ្ហាសុខភាពត្រូវធ្វើការព្យាបាលឲ្យបានឆាប់៖

ចេញខ្សែសៗនៅលើអណ្តាត
នេះជារោគសញ្ញានៃជំងឺមាត់ទូទៅបំផុត ដែលអាចបណ្តាលឲ្យចេញកន្ទួល ហើយងាយនឹងប្រតិកម្មក្នុងករណីមួយចំនួន។ ជាធម្មតាបញ្ហានេះនឹងជាសះស្បើយដោយខ្លួនឯង ប៉ុន្តែអ្នកអាចគេចផុតពីបញ្ហានេះ ប្រសិនបើអ្នកចៀសវាងការទទួលទានជាតិស្រវឹង និងជក់ថ្នាំជក់។

អណ្តាតដណ្តប់ទៅដោយស្រទាប់ផ្ទៃពណ៌លឿងក្រាស់
ប្រសិនបើអណ្តាតរបស់អ្នកគ្របដណ្តប់ទៅដោយស្រទាប់លឿងក្រាស់ មានន័យថា អ្នកឆ្លងមេរោគផ្សិត។ ជាធម្មតាវាកើតឡើងនៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយភាគច្រើនកើតចំពោះមនុស្សធំ និងក្មេង។ អ្នកប្រហែលជាងាយប្រឈាមនឹងអាការៈបែបនេះខ្លាំងបំផុត ប្រសិនបើអ្នកពាក់ឧបករណ៍ពត់ធ្មេញឲ្យត្រង់។ ប្រសិនបើអណ្តាតអ្នកដណ្តប់ទៅដោយក្អែលពណ៌លឿងក្រាស់បែបនេះ អ្នកគួរទៅប្រឹក្សានឹងវេជ្ជបណ្ឌិត ដើម្បីរកវិធីដោះស្រាយ។

មានបញ្ហាឈឺអណ្តាត ឬកើតពងបែកលើអណ្តាត
អាការៈឈឺអណ្តាត ឬចេញពងបែកលើអណ្តាតអាចកើតឡើងដោយសាររបួស ប្រសិនបើអ្នកបានខាំ ឬរលាកអណ្តាតមកពីការញ៉ាំអាហារក្តៅ។ ជាធម្មតា ក្រោយរយៈពេល១សប្តាហ៍ ឬ ២សប្តាហ៍ វានឹងជាសះស្បើយ ប៉ុន្តែប្រសិនបើវាមិនងាយជា អ្នកគួរទៅរកវេជ្ជបណ្ឌិតពិនិត្យមើលឲ្យបានច្បាស់ ព្រោះវាអាចជាសញ្ញានៃជំងឺមហារីក។

ស្រទាប់សៗនៅលើផ្ទៃអណ្តាត
ការកើតស្រទាប់សៗនៅលើផ្ទៃអណ្តាត អាចបណ្តោមកពីខ្វះអនាម័យមាត់ ឬការទទួលទានជាតិស្រវឹងច្រើន។ បញ្ហាមួយនេះ អ្នកគ្រាន់តែព្យាយាមដុសសម្អាតអណ្តាតឲ្យបានទៀងទាត់ និងផឹកទឹកឲ្យបានច្រើន នោះវានឹងបាត់អស់។

អណ្តោតប្រេះ
បញ្ហានេះកើតឡើងនៅពេលអ្នកឈានដល់វ័យចំណាស់ វាគ្មានអ្វីត្រូវបារម្ភឡើយ។ ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញអណ្តោតប្រេះ ហើយមានអាការៈហើមថែមទៀត អ្នកគួរតែទៅប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត ព្រោះវាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។

អណ្តាតចេញរាងរលកៗ
នេះជាបញ្ហាមួយរបស់ក្មេង ព្រោះអណ្តាតរបស់ក្មេងឆាប់លូតលាស់លឿន។ ប៉ុន្តែ ប្រសិនបើវាកើតឡើងចំពោះមនុស្សពេញវ័យវិញ អាចជាសញ្ញានៃជំងឺក្រពេញទីរ៉ូអ៊ីត ដូច្នេះ អ្នកត្រូវទៅជួបនឹងគ្រូពេទ្យ។

អណ្តាតមានសភាពក្រហមខ្លាំង
បើអណ្តាតរបស់អ្នកមានសភាពក្រហមខ្លាំង អាចបណ្តាលមកពីខ្វះសារជាតិវីតាមីននៅក្នុងរាងកាយ។ តាមារយៈការស្រាវជ្រាវរបស់គ្លីនិក Cleveland ក្នុងទីក្រុងអូហៃយ៉ូ សហរដ្ឋអាមេរិច បានបង្ហាញថា អណ្តាតក្រហមខ្លាំងអាចជារោគសញ្ញានៃកង្វះវីតាមីន B12 និងអាស៊ីតហ្វូឡិច។ ដូច្នេះ ប្រសិនបើអ្នកមានបញ្ហាបែបនេះមែន អ្នកត្រូវរកជំនួយពីគ្រូពេទ្យឲ្យបានឆាប់។

ចេញស្រទាប់ខ្មៅលើផ្ទៃអណ្តាត
អណ្តោតដែលមានសភាពបែបនេះ ពិតជាមើលទៅពិតជាគួរឲ្យខ្លាច ប៉ុន្តែវាជាមូលហេតុធម្មតានោះទេ។ ជាធម្មតារោគសញ្ញាមួយនេះ គឺបណ្តាលមកពីការឆ្លងមេរោគបាក់តេរី ព្រោះខ្សោយអនាម័យមាត់។ មិនតែប៉ុណ្ណោះ វាក៏អាចកើតឡើងចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ឬក្រោយពេលប្រើថ្នាំអង់ទីប៊ីយ៉ូទិចផងដែរ។ ដូច្នេះអ្នកត្រូវចាប់ផ្តើមថែរក្សាសុខភាពមាត់ឲ្យបានល្អ តាមរយៈការដុសសម្អាតធ្មេញឲ្យបានញឹកញាប់។

គ្រប់គ្នាប្រហែលជាមិនដែលធ្លាប់ដឹងចំពោះការប្រែប្រួលនៃរោគសញ្ញានៅលើអណ្តោតនោះឡើយ តែទោះជាយ៉ាងណា អ្នកត្រូវយកចិត្តទុកដាក់ឲ្យមែនទែន ប្រសិនបើជួបរោគសញ្ញាបែបនេះ៕

មតិយោបល់