ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យមនុស្សពេញវ័យចេះតែកើតមុនមិនព្រមបាត់

ភាគច្រើនមនុស្សដែលឈានដល់វ័យជំទង់តែងតែកើតមុននៅលើផ្ទៃមុខ ដែលធ្វើឲ្យពួកគេមានភាពខ្មាសអៀន មិនសូវចង់ជួបអ្នកដ៏ទៃឡើយ។ ប៉ុន្តែពួកគេ ប្រហែលជាមិនដឹងពីមូលហេតុដែលធ្វើឲ្យផ្ទៃមុខរបស់ខ្លួនចេះតែកើតមុនមិនព្រមបាត់នោះទេ។ ខាងក្រោមនេះជាមូលហេតុទាំង៨យ៉ាង ដែលបង្កឲ្យមនុស្សពេញវ័យចេះតែកើតមុនលើផ្ទៃមុខ៖

១.ស្ត្រេស
នៅពេលដែលលោកអ្នក ស្ថិតនៅក្នុងស្ថានភាពស្រ្តេស សារពាង្គកាយរបស់អ្នកប្រាកដជាបញ្ចេញអ័រម៉ូនម្យ៉ាងទៅទប់ទល់នឹងបញ្ហា។ ស្របពេលនោះដែរ អ័រម៉ូនភេទរបស់មនុស្សប្រុស ឬមនុស្សស្រីពេញវ័យនឹងកើនឡើងច្រើនហៀរហូរ ហើយប្រសព្វគ្នាជាមួយខ្លាញ់ដែលមានលើផ្ទៃមុខផងនោះ វានឹងធ្វើឲ្យមុននៅលើផ្ទៃមុខផ្ទុះឡើង។

២.ទទួលទានអាហារដែលសម្បូរទៅដោយជាតិស្ករ
អ្នកស្រាវជ្រាវបានរកឃើញថា អាហារដែលជាតិស្ករខ្ពស់ ដូចជានំចំណីដែលមានជាតិផ្អែម ប្រភេទទឹកក្រូចសូដា និងអាហារដែលគ្មានប្រយោជន៍ចំពោះសុខភាព គឺសុទ្ធតែជាមូលហេតុដែលបង្កឲ្យកើតមុន។

៣.ផលិតផលធ្វើសក់

ជំងឺមុនមួយចំនួន ក៏អាចបង្កឡើងដោយសារការប្រើប្រាស់ផលិតផលធ្វើសក់ ដែលផ្ទុកសារធាតុគីមី។ នៅពេលដែលលោកអ្នកប្រើប្រាស់ផលិតផលគីមីដើម្បីបាញ់ធ្វើម៉ូតសក់ ពេលនោះចំហាយ ឬទឹកថ្នាំប្រាកដជាជះឥទ្ធិពលទៅលើស្បែកមុខ បង្កឲ្យស្ទះរន្ធញើស ហើយយូរៗទៅមុខរបស់អ្នកនឹងមានកើតមុន។

៤.ការផ្លាស់ប្តូរអ័រម៉ូន

ការផ្លាស់ប្តូរអ័រម៉ូន ជាពិសេសមុនពេលមករដូវ គឺជាដើមហេតុមួយដែលបង្កឲ្យមនុស្សស្រីកើតមុន នៅលើ ផ្ទៃមុខ ខ្នង ជុំវិញចង្កា និងក។

៥.ឧស្សាហ៍ប្តូរផលិតផលថែទាំស្បែក
ការផ្លាស់ប្តូរផលិតផលថែទាំស្បែកជាញឹកញប់ ធ្វើឲ្យស្បែករបស់លោកអ្នកពិបាកសម្របតាម ហើយធ្វើឲ្យលោកអ្នកប្រឈមនឹងបញ្ហាស្បែកផ្សេងៗ ដូចជារោគមុនជាដើម។

៦.ប្រើទូរស័ព្ទដៃ
ការប្រើប្រាស់ទូរស័ព្ទដៃជាតម្រូវការចាំបាច់របស់មនុស្សក្នុងសម័យបច្ចុប្បន្ន តែលោកអ្នកប្រហែលជាភ្លេចចំណុចមួយ គឺបាក់តេរីនៅលើទូរស័ព្ទ។ ក្នុងសកម្មភាពប្រចាំថ្ងៃ ដៃរបស់អ្នកត្រូវធ្វើកិច្ចការ និងកាន់របស់របរគ្រប់យ៉ាង ពេលខ្លះមានអនាម័យ ហើយពេលខ្លះក៏គ្មានអនាម័យដែរ។ នៅពេលដែលដៃអ្នកកង្វក់ហើយកាន់ទូរស័ព្ទ នោះបាក់តេរីនឹងតោងជាប់ជាមួយទូរស័ព្ទ ហើយពេលដែលអ្នកយកទូរស័ព្ទមកនិយាយ បាក់តេរីទាំងនឹងមានឱកាសបង្ករោគមុខនៅលើផ្ទៃមុខ។

៧.បរិយាកាសមិនល្អ
ការផ្លាស់ប្តូរអាកាសធាតុ ជាតិសំណើម និងការបំពុលក្នុងបរិយាកាស សុទ្ធតែជាកត្តាបង្កឲ្យអ្នកកើតមុន ប្រសិនបើអ្នកមិនមានវិធីការពារឲ្យបានត្រឹមត្រូវ។

៨.ប្រើផលិតផលច្រើនពេក

ការប្រើផលិតផលច្រើនមុខ ដូចផលិតផលសម្រាប់លាងសម្អាតផ្ទៃមុខ និងផលិតផលការពារកម្តៅថ្ងៃជារឿយៗ អាចបំផ្លាញកោសិកាស្បែករបស់អ្នក ហើយធ្វើឲ្យអ្នកងាយកើតមុនផងដែរ។

ដើម្បីទប់ស្កាត់កុំឲ្យមុនចេះតែកើតមានច្រើនឡើងៗ អ្នកគួរតែទៅជួបអ្នកជំនាញរោគសើរស្បែក ដើម្បីធ្វើការព្យាបាលឲ្យបានឆាប់៕

មតិយោបល់