ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីនី ចេញបទ«ធម្មជាតិ និងជីវិត» ច្រៀងទំអូញ រំជួលអារម្មណ៍

បន្ទាប់ពីជោគជ័យបទOriginal Song ច្រើនបទនាពេលចុងក្រោយ តារាចម្រៀងកញ្ញា ភក្ដី ទីនី ដែលគេស្គាល់ជាតារាចម្រៀងក្រៅស្រុក ប្រកាសចេញបទមួយថ្មីទៀតហើយ ដោយបទថ្មីនោះច្រៀងត្អូញត្អែពីសំរាម និងជីវិតអ្នកបោសសំរាមយ៉ាងកំសត់ ធ្វើអោយអ្នកស្ដាប់រួចហើយរញ្ជួលចិត្ត។

បទនេះត្រូវបានរំពឹងយ៉ាងខ្លាំងថានឹងជោគជ័យដូចគ្នានឹងបទ«វណ្ណៈសង្គម»ដែលមានអ្នកគាំទ្រច្រើនមកហើយនាពេលមុន។
កញ្ញាទីនី បានអះអាងថានេះមិនមែនជាបទទី១របស់ខ្លួននោះទេ ដោយសារតែពេលមុននេះបទ«វណ្ណៈសង្គម»និងបទមួយចំនួនទៀតរបស់នាងក៏បុកត្រូវអារម្មណ៍មហាជនធ្វើអោយមានការទទួលស្គាល់រួចហើយ។ នាងបានទៅច្រៀងនៅប្រទេសអូស្រ្តាលីច្រើនលើកមកហើយ ដោយសារតែបទOriginal Song ទាំងនោះ។

យ៉ាងណាមិញ នាងថាខ្លួនមិនសូវមានចំណូលចិត្តច្រៀងបទជាប្រភេទស្នេហាលែបខាយដាក់គ្នានោះទេ ទើបបទចម្រៀងរបស់នាងផ្ដោតលើសង្គម និងការរស់នៅប្រចាំថ្ងៃ ដែលធ្វើអោយបទចម្រៀងរបស់មានរសជាតិខុសប្លែកពីគេ ហើយទទួលបានការចាប់អារម្មណ៍ខ្ពស់។

នាងថាបទ«ធម្មជាតិ និងជីវិត»នឹងត្រូវចិត្តមហាជនមិនខុសគ្នានឹងបទ«វណ្ណៈសង្គម»នាពេលកន្លងមកនោះទេ ដោយសារតែបទក្រោយនេះរំលេចពីជីវិតក្មេងស្រីដើរបោសសំរាម និងនិយាយពីផលប៉ះពាល់ពីការចោលសំរាមនៅក្នុងទីក្រុង ដែលត្រូវមហាជនទម្លាក់ចោលពាសវាលពាសកាល។

នាងថាបទចម្រៀងរបស់ខ្លួនផ្ដោតលើការអប់រំច្រើនជាងបង្កប់នូវការភ្លើតភ្លើន ដោយនាងប្រកាសថានឹងយកសមត្ថភាពរបស់ខ្លួនច្រៀងតែបទដែលនិពន្ធថ្មីហើយស្ដាប់មានប្រយោជន៍ប៉ុណ្ណោះ។ អ៊ីចឹងហើយទើបបទ«ធម្មជាតិ និងជីវិត!» មិនទាន់ទាំងបង្ហោះMV បានស្រួលបួលផងក៏មានអ្នកចែកចាយព្រោងព្រៀតជាមួយនឹងការសរសើរថាជាបទត្អូញត្អែរ និងមានន័យយ៉ាងកម្រដែលធ្វើអោយទឹកដមសំឡេងរបស់នាងកាន់តែត្រូវមហាជនកត់សម្គាល់៕
ទស្សនា​វីដេអូ៖
https://www.youtube.com/watch?v=9Lh_RKlvbFk&feature=youtu.be

មតិយោបល់