ព័ត៌មានសុខភាព

កំពូលអាហារ ដែលអាចជួយឲ្យខួរក្បាលមានសុខភាពល្អរហូតដល់ចាស់

ខួរក្បាល គឺជាសរីរាង្គដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ក៏ប៉ុន្តែប្រសិនបើមុខងារខួរក្បាលដំណើរការមិនត្រឹមត្រូវទេនោះ ផ្នែកផ្សេងៗទៀតក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ។ ដូច្នេះហើយ ការទទួលរបបអាហារបានត្រឹមត្រូវ គឺជារឿងដ៏ចាំបាច់បំផុតនៅក្នុងការថែរក្សាខួរក្បាលឲ្យមានសុខភាពល្អ។ នៅពេលដែលខួរក្បាលទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ វាអាចជួយការពារអ្នកឲ្យរួចផុតពី ជំងឺវង្វេង ខ្សោយការចងចាំ និងជំងឺសរសៃប្រសាទ ជាដើម។
អាស្រ័យហេតុនេះ ដើម្បីជួយឲ្យខួរក្បាលមានសុខភាពល្អ ហើយជៀសផុតពីជំងឺផ្សេងៗ សូមព្យាយាមទទួលទានអាហារមួយចំនួនដូចខាងក្រោម៖

ផ្លែប៉ោម៖ ផ្លែឈើមួយប្រភេទនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធិភាពបំផុតក្នុងការជួយការពារខួរក្បាលមិនឲ្យកើតមានជំងឺភ្លេចភ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែប៉ោមអាចជួយការពារកោសិកាប្រព័ន្ធសរសៃប្រសាទ កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ព្រមទាំងជំងឺសួតផងដែរ។

តែបៃតង៖ នៅក្នុងតែបៃតង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជំនួយដល់ការលុបបំបាត់រ៉ាឌីកាល់សេរី។ ម្យ៉ាងវិញទៀត ការទទួលទាន តែបៃតង ជាប្រចាំអាចកាត់បន្ថយការកើនឡើងនៃប្រូតេអ៊ីននៅក្នុងខួរក្បាល ដូច្នេះខួរក្បាលអាចរក្សាការចងចាំបានល្អ និងមានប្រតិកម្មរហ័ស។

រមៀត៖ មើមរុក្ខជាតិពណ៌លឿងមួយប្រភេទនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានគុណសម្បត្តិប្រឆាំងការរលាកពីធម្មជាតិ ដែលអាចជួយដល់អ្នកដែលមានបញ្ហាខួរក្បាល និងខ្សោយការចង់ចាំ ឲ្យល្អប្រសើរឡើងវិញ។

ស្លឹកផ្ទី៖ ផ្ទីជាបន្លែពណ៌បៃតងដែលមានផ្ទុកសារធាតុប៉ូតាស្យូមកម្រិតខ្ពស់ ដែលគេចាត់ទុកថា ជាអាហារបំប៉នសម្រាប់ខួរក្បាលដ៏ល្អបំផុត។ សារធាតុប៊ូតាស្យូម អាចជួយការពារកោសិកាខួរក្បាលមិនឲ្យមានការខូចខាត និងជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងថែមទៀត៕

មតិយោបល់