លោកអ្នកដែលកំពុងកើតមានការច្រណែនក្នុងចិត្ត គួរតែប្រញាប់ឈប់ប្រើប្រាស់បណ្តាញសង្គម Facebook ភ្លាមទៅ។ នេះបើតាមការលើកឡើងក្នុងរបាយការណ៍នៃការសិក្សាថ្មីមួយធ្វើឡើងដោយសកលវិទ្យាល័យ Copenhagen។
នៅក្នុងរបាយការណ៍នោះ គេរកឃើញថា បណ្តាញសង្គមដ៏មានប្រជាប្រិយបំផុតរបស់ពិភពលោក កំពុងធ្វើឱ្យអ្នកដែលកំពុងមិនសប្បាយចិត្ត ឬមានចិត្តច្រណែន កើតមានទុក្ខព្រួយកាន់តែខ្ពស់ឡើងៗ ឬរហូតអាចឈានដល់ជំងឺបាក់ទឹកចិត្តបាន ដោយសារតែពួកគេឃើញពីសកម្មភាពផ្សេងៗរបស់មិត្តភក្តិបង្ហោះចែកចាយនៅលើទំព័របណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ។
ដោយឡែកសម្រាប់អ្នកប្រើប្រាស់ដែលបានចំណាយពេលមួយសប្តាហ៍មិនបើកមើលបណ្តាញសង្គមមួយនេះ ត្រូវបានគេរកឃើញថា ពួកគេពេញចិត្តនឹងជីវិត និងឱ្យតម្លៃអ្វីៗដែលខ្លួនខ្ពស់ជាងមុន។
ការសិក្សានេះ បានធ្វើការពិសោធទៅលើអ្នកដែលមានទម្លាប់ប្រើប្រាស់ Facebook ជាប្រចាំថ្ងៃចំនួន ១,០៩៥ នាក់ ដោយក្នុងចំណោមពួកគេពាក់កណ្តាលត្រូវបានស្នើឱ្យបន្តប្រើ Facebook តាមធម្មតា និងពាក់កណ្តាលផ្សេងទៀតត្រូវបានកំណត់ឱ្យវៀរចាកពីការចុះឈ្មោះចូលទៅកាន់គណនីរបស់ខ្លួន។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកចូលរួម មានស្រ្តីចំនួន ៨៦% អាយុជាមធ្យម ៣៤ ឆ្នាំ និងរស់នៅតាមតំបន់ផ្សេងៗក្នុងប្រទេសដាណាម៉ាក ហើយពួកគេមាន Friend ក្នុង Facebook ជាមធ្យម ៣៥០ នាក់៕
ប្រភពព័ត៌មានៈ independent
មតិយោបល់