លោក Lee Jae-yong ដែលជាអគ្គនាយករង និងជាទាយាទក្រុមហ៊ុន Samsung គ្រុប ត្រូវបានចាប់ខ្លួននៅល្ងាចមិ្សលមិញ ក្រោមបទចោទ ថាបានប្រព្រឹត្តិអំពើសំណូក ភូតកុហក និងកេងបន្លំ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីគេហទំព័រព័ត៌មាន Bloomberg។
លោក Lee ត្រូវបានចាប់ឃុំខ្លួននៅឯមណ្ឌលឃុំឃាំងមួយកន្លែង បន្ទាប់ពីតុលាការបើកសវនការលើពាក្យបណ្តឹងចោទប្រកាន់រូបលោក ថាបានផ្តល់ប្រាក់សំណូក ៣៨ លានដុល្លារ ជាថ្នូរនឹងការពឹងពាក់ឱ្យរដ្ឋាភិបាលជួយគាំទ្រការច្របាច់បញ្ចូលគ្នារវាងសាខានៃសម្ព័ន្ធក្រុមហ៊ុន Samsung ពីរ។ ករណីនេះ ត្រូវបានគេចោទឡើងកាលពីខែធ្នូ ឆ្នាំ ២០១៦ ថាជាប់ពាក់ព័ន្ធទៅនឹងមនុស្សជំនិតរបស់លោកស្រីប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង Park Geun-hye។
តុលាការសង្កាត់កណ្តាលទីក្រុងសេអ៊ុល ដំបូងឡើយបានច្រានចោលសំណើរចាប់ខ្លួនលោក Lee ក្នុងខែមករា ប៉ុន្តែ បានផ្លាស់ប្តូរការសម្រេចរបស់ខ្លួនវិញ ក្រោយពីមន្ត្រីរដ្ឋអាជ្ញាពិសេសបានប្រគល់ភស្តុតាងថ្មីបន្ថែម។ នៅឯសវនការជុំវិញរឿងក្តីនេះកាលពីខែធ្នូ លោក Lee បានទទួលស្គាល់ថាខ្លួនបានជួបប្រជុំជាលក្ខណៈឯកជនជាមួយលោកស្រី Park និងបានជូនអំណោយសេះមួយក្បាលតម្លៃ ៨៧៥,៥០០ ដុល្លារ ដល់កូនស្រីមនុស្សជំនិតរបស់លោកស្រីឈ្មោះ Choi Soon-sil។
ក្រុមរដ្ឋអាជ្ញាក៏បានចោទថា ទាយាទសម័្ពន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សរូបនេះ បានបរិច្ចាគលុយ ៣.១ លានដុល្លារទៅដល់ក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់អ្នកនាង Choi Soon-sil។ ទោះយ៉ាងណា នៅឯសវនការនោះ លោក Lee បានបដិសេធចំពោះការស្វែងរកជំនួយផ្លូវនយោបាយ ឬការគាំទ្រពីរដ្ឋាភិបាល សម្រាប់ការច្របាច់បញ្ចូលគ្នាជាថ្នូរនឹងអំណោយ។
ក្រុមម្ចាស់ភាគហ៊ុន បានអះអាងពីការប្រឆាំងរបស់ពួកគេចំពោះការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនឧស្សាហកម្ម Cheil និងក្រុមហ៊ុន Samsung C&T ដោយពួកគេបានឡើងថា កិច្ចព្រមព្រៀងក្នុងការច្របាច់បញ្ចូលនោះនឹងផ្តល់នូវអំណោចគ្រប់គ្រង និងឥទ្ធិពលកាន់តែខ្លាំងដល់លោក Lee ទៅលើសម្ព័ន្ធក្រុមហ៊ុនទាំងមូល។
គួរបញ្ជាក់ថា លោក Lee Jae-yong បានឡើងកាន់តំណែងជាអគ្គនាយករងក្រុមហ៊ុន Samsung គ្រុប បន្ទាប់ពីឱពុករបស់លោក ដែលជាអតីតអគ្គនាយកក្រុមហ៊ុន Samsung ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យក្នុងឆ្នាំ ២០១៤ បន្ទាប់ពីជំងឺបេះដូងរបស់លោកធ្វើទុក។ យោងតាមសារព័ត៌មាន Bloomberg ដដែល រឿងក្តីនេះ អាចនឹងអូសបន្លាយរហូតដល់ ១៨ ខែ សម្រាប់ការកាត់សេចក្តី និងប្រកាសសាលក្រម៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់