ព័ត៌មានសុខភាព

គួរដឹងគ្រប់គ្នា! របៀបថែទាំទងផ្ចិតទារក កុំឲ្យមានបញ្ហា

សម្រាប់គូស្នេហ៍ ដែលទើបតែមានកូនដំបូង ប្រាកដជាជួបប្រទេះនឹងបញ្ហាជាច្រើន ជាពិសេសការថែទាំងសុខភាពទារក ដែលទើបតែនឹងកើត។ ប៉ុន្តែរឿងដ៏សំខាន់មួយ ដែលឪពុកម្តាយថ្មីថ្មោងត្រូវប្រុងប្រយត្ន គឺទងផ្ចិតទារក។

បើយោងតាមគេហទំព័រ pregnancymagazine បានបង្ហាញ ការថែទាំទងផ្ចិត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះសុខភាពទារក។ ដូច្នេះ អ្នកគួរតែរៀនពីរបៀបថែរក្សាទងផ្ចិតតាមការណែនាំរបស់អ្នកជំនាញដូចខាងក្រោមៈ

កុំលាងទងផ្ចិត
កាលពីមុន ទងផ្ចិតទារកត្រូវតម្រូវឲ្យលាង ជាមួយអាកុលឲ្យបាន២-៣ដងក្នុងមួយថ្ងៃ។ តែឥឡូវ ដើម្បីពន្លឿនការផ្សះទងផ្ចិតរបស់ទារក អ្នកជំនាញផ្នែកសុខភាពបានណែនាំឲ្យយើងកុំសូវប៉ះពាល់វាខ្លាំងពេក គ្រាន់តែធ្វើការសម្អាតដោយប្រើកន្សែងជាមួយទឹកស្អាតធម្មតា នៅពេលមានភាពកង្វក់ ហើយត្រូវទុកឲ្យស្ងួតដោយខ្លួនឯង។

កុំប្រើកន្ទប ឬស្លៀកខោទឹកនោមគ្របជិតទងផ្ចិតឲ្យសោះ
ជៀសវាងការប្រើកន្ទប ឬខោទឹកនោម ដែលអាចគ្របទៅលើទងផ្ចិតឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យទងផ្ចិតមិនងាយស្ងួត និងឆាប់ផ្សះឡើយ។ បើខោទឹកនោមនោះ មានទំហំធំ លោកអ្នកអាចបត់ផ្ទៃខាងមុខ លៃលកយ៉ាងណាកុំឲ្យគ្របលើទងផ្ចិត។



កុំងូតទឹកឲ្យទារក

កុំទាន់ងូតទឹកឲ្យទារក រហូតដល់កាកសំណល់ក្នុងផ្ចិត ឬហៅថាអាចម៍ខ្ចី លៀនចេញមកក្រៅ។ ការធ្វើបែបនេះអាចជួយរក្សាអាចម៍ខ្ចីឲ្យឆាប់ស្ងួត ហើយការពារកុំឲ្យទងផ្ចិតងាយឆ្លងមេរោគផ្សេងៗ។

កុំព្យាយាមប៉ះពាល់ទងផ្ចិត
អ្នកត្រូវតែចាំថា អាចម៍ខ្ចីនឹងធ្លាក់ដាច់ដោយខ្លួនឯង ហើយកុំព្យាយាមធ្វើសកម្មភាព ឬទាញចេញមកឲ្យសោះ ព្រោះវាអាចធ្វើទងផ្ចិតទារកចេញឈាម ឬងាយនឹងឆ្លងមេរោគ។

ខាងលើនេះ ជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែទាំងទងផ្ចិតទារក ប៉ុន្តែប្រសិនបើអ្នកទទួលបានការណែនាំពីក្រុមគ្រូពេទ្យដោយផ្ទាល់ថែមទៀត គឺកាន់តែប្រសើរ៕

មតិយោបល់