ព័ត៌មានសុខភាព

អស្ចារ្យមែន! សរីរាង្គមនុស្សអាច អាចបង្កាត់នៅក្នុងខ្លួនជ្រូកបាន

បច្ចុប្បន្ននេះ សរីរាង្គមនុស្សកាន់តែមានតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារចំនួនអ្នកជំងឺដែលត្រូវការវះកាត់ប្តូរសរីរាង្គដើម្បីបន្តជីវិត មានមិនឈប់។ បើយោងតាមគេហទំព័រ boldsky បានឲ្យដឹងថា ជារៀងរាល់១០នាទី មានមនុស្សម្នាក់កំពុងតែរង់ចាំការបរិច្ចាគសរីរាង្គ ដើម្បីវះកាត់ផ្លាស់ប្តូរចេញ។ កត្តានេះហើយ ដែលជំរុញឲ្យក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញវិធីបណ្តុះសរីរាង្គមនុស្ស នៅក្នុងខ្លួនសត្វជ្រូក។

ក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា នេះជាការបង្កាត់អំប្រ៉ីយ៉ុងរបស់សត្វជ្រូក ជាមួយការចាក់បញ្ចូលកោសិការបស់មនុស្ស។ ដំណើរការបង្កាត់នេះ ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ ដោយកោសិកាមនុស្សមានសមត្ថភាពរស់នៅ និងលូតលាស់ ក្នុងរាងកាយជ្រូកបានយ៉ាងល្អ។

ទន្ទឹមនឹងភាពជោគជ័យ ពួកគេបន្តថា គម្រោងនេះ ក៏បានជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាសរីរាង្គដែលដុះក្នុងខ្លួនសត្វជ្រូក អាចមានទំហំខុសធម្មតាពីសរីរាង្គរបស់មនុស្ស ដែលតម្រូវឲ្យពួកគេធ្វើការស្រាវជ្រាវបន្ថែមទៀត។

ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រមានក្តីសង្ឃឹមយ៉ាងមុតមាំថា គម្រាងនេះនឹងសម្រេចបាន ១០០ភាគរយ នៅពេលអនាគត។ ប្រសិនបើជាគម្រាងនេះជោគជ័យ មនុស្សដែលត្រូវការសរីរាង្គ ក្នុងការវះកាត់ផ្លាស់ប្តូរដើម្បីបន្តជីវិត ប្រាកដជាមិនចាំបាច់ដេកអស់សង្ឃឹម និងព្រួយបារម្ភ ក្នុងការរង់ចាំការបរិច្ចាគសរីរាង្គទៀតឡើយ៕

មតិយោបល់