ព័ត៌មានសុខភាព

ប្រើវិធីនេះ អស់បារម្ភបញ្ហាស្បែកពេលមករដូវទៀតហើយ

ក្នុងអំឡុងពេលមករដូវ មនុស្សស្រីអាចប្រឈមនឹងឧបសគ្គជាច្រើនដូចជា មានអារម្មណ៍មួរម៉ៅ មិនស្រួលខ្លួន និងមានបញ្ហាស្បែកជាដើម។ ប៉ុន្តែក្នុងចំណោមបញ្ហាទាំងអស់នេះ ស្ត្រីមានការព្រួយបារម្ភជាងគេ គឺស្បែក ព្រោះការមករដូវអាចធ្វើឲ្យពួកគេកើតមុន ស្បែកស្ងួត កន្ទួល និងរង្វង់ភ្នែកខ្មៅ។

ដូច្នេះ តើមានវិធីអ្វី ដែលអាចជួយដោះស្រាយបញ្ហាស្បែកក្នុងកំឡុងពេលមករដូវបានទៅ? វិធីមិនមែនអត់នោះទេ ប្រសិនបើស្ត្រីទាំងឡាយព្យាយាមអនុវត្តតាមតិចនិចខាងក្រោមនេះ ស្បែកនឹងលែងមានបញ្ហាទៀតហើយ។

១.មុខកើតមុន
បញ្ហាមុខកើតមុន ស្ទើរតែក្លាយជាបញ្ហាសាមញ្ញសម្រាប់មនុស្សស្រីទៅហើយ ពេលមានរដូវ។ បញ្ហានេះកើតឡើងដោយសារ ការផ្លាស់ប្តូរអ័រម៉ូនមួយចំនួនក្នុងរាងកាយស្រ្តី។ ដើម្បីដោះស្រាយឧបសគ្គមួយនេះ មនុស្សស្រីអាចលាបប្រទាលកន្ទុយក្រពើលើស្បែកមុខ ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាកើតមុន។

២.ស្បែកស្ងួត
នៅពេលស្រ្តីមករដូវ ស្បែកចាប់ផ្តើមប្រែប្រួលមិនទៀងទាត់ ពេលខ្លះស្បែកប្រែជាមានខ្លាញ់ច្រើន រីឯពេលខ្លះប្រែទៅជាស្ងួតបែកស្រការទៅវិញ។ ដូច្នេះ អ្នកអាចប្រើផលិតផលដើម្បីការពារស្បែក បើបានប្រើផលិតផលធម្មជាតិកាន់តែល្អ។

៣.កន្ទួល
ជួនកាល ពេលមករដូវស្បែករបស់មនុស្សស្រី ក៏អាចកើតមានកន្ទួលលើស្បែក ដែលបណ្តាលមកពីខ្វះជាតិទឹកក្នុងខ្លួន។ ហេតុនេះអ្នកគួរតែទទួលទឹកឲ្យបានច្រើន ហើយកុំប្រើផលិតផលដែលមានជាតិអាស៊ីតមកលើស្បែកឲ្យសោះ។

៤.រង្វង់ខ្មៅ
ពេលមករដូវ មនុស្សស្រីមិនសូវបានគេងយប់នោះទេ ព្រោះតែមានការឈឺចាប់មួយចំនួនកើតឡើង។ ដូច្នេះអ្នកត្រូវយកផ្លែឈើដែលសម្បូរវីតាមីន E ដូចជា ផ្លែល្ហុងទុំ ផ្លែប័រ ជាដើម មកបិទពីលើរង្វង់ភ្នែក៕

មតិយោបល់