ព័ត៌មានសុខភាព

៣វិធី អាចកាត់បន្ថយ​បបូរមាត់ជ្រួញ​ឲ្យនៅ​សល់​តិច​បំផុត

បបូរមាត់ គឺជាផ្នែកមួយនៃទម្រង់មុខដែលអាចជួយឲ្យអ្នកមានភាពស្រស់ស្អាតបានមួយកម្រិតដែរ។ ប៉ុន្តែ បបូរមាត់អាចងាយជួបនឹងបញ្ហាស្ងួត ប្រេះ ឬជ្រួញ ប្រសិនបើអ្នកមិនចេះថែរក្សាឲ្យបានល្អទេនោះ ជាពិសេសក្នុងពេលរដូវរងា។

ប្រសិនបើបញ្ហាជ្រួញបបូរមាត់ កើតឡើងចំពោះអ្នកមែន តើត្រូវធ្វើដូចម្តេច? មិនបាច់ព្រួយនោះទេ ប្រសិនបើអ្នកមិនចង់ចំណាយប្រាក់​ទិញផលិតផល​ថ្លៃៗ អ្នកអាចប្រើប្រាស់ឱសថធម្មជាតិបាន។ ខាងក្រោមនេះ គឺជាឱសថធម្មជាតិ ៣ប្រភេទដែលអាចជួយកាត់បន្ថយបបូរមាត់ជ្រួញយ៉ាងពូកែ៖

១.ល្ហុងទុំ
ប្រើសាច់ល្ហុងទុំ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ឲ្យសព្វល្អ។ បន្ទាប់មកលាបលើ​បបូរមាត់​របស់អ្នក​រៀងរាល់​មុនពេល​ចូលគេង ហើយលាងសម្អាតចេញដោយប្រើទឹកធម្មតានៅពេលព្រឹកឡើង។ វិធីមួយនេះអាចប្រឡាក់ភួយខ្នើយរបស់អ្នកនៅពេលគេងបន្តិចមែន ក៏ប៉ុន្តែស្នាមជ្រួញអាចកាត់បន្ថយបាន ព្រោះវាអាចផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់បបូរមាត់។

២.ស្ករស
បបូរមាត់អាចប្រមូលផ្តុំទៅដោយកោសិកាចាស់ៗដែលងាប់ជាច្រើននៅសេសសល់ ដែលជាហេតុនាំឲ្យមានស្នាមជ្រួញកើតឡើង។ ក៏ប៉ុន្តែ ប្រសិនបើអ្នកប្រើស្ករសមួយស្លាបព្រាកាហ្វេ លាយជាមួយនឹងប្រេងអូលីវកន្លះស្លាបព្រាកាហ្វេ រួចលាបនៅលើបបូរមាត់ឲ្យសព្វ កោសិកាស្បែកចាស់ៗដែលងាប់ទាំងនោះនឹងជ្រុះចេញអស់។ សូមព្យាយាមអនុវត្តរបៀនេះ ជាទៀងទាត់រាល់មុនពេលចូលគេង ហើយលាងសម្អាតចេញដោយប្រើទឹកធម្មតានៅពេលព្រឹកឡើង។

ប្រេងវីតាមីន E
ក្នុងចំណោមហេតុចម្បងដែលបណ្តោលឲ្យបបូរមាត់ជ្រួញ គឺបបូរមាត់ស្ងួតខ្លាំងពេក។ ប៉ុន្តែ អ្នកអាចប្រើប្រាស់ប្រេងវីតាមីន E មួយគ្រាប់ លាបនៅលើបបូរមាត់ថ្នមៗ ហើយទុកចោលមួយយប់ដោយមិនចាំបាច់លាងសម្អាតនោះទេ ព្រឹកឡើង​អ្នកនឹង​មានអារម្មណ៍ថា បបូរមាត់​មាន​សភាព​ទន់​ខុស​ធម្មតា៕

មតិយោបល់