ព័ត៌មានសុខភាព

មិនល្អដូចអ្វីដែលអ្នកគិតទាំងអស់នោះទេ ញ៉ាំចេកច្រើនពេកអាចបង្កគ្រោះថ្នាក់

ចេក ត្រូវបានគេទទួលស្គាល់ថា មានតម្លៃអាហារូបត្ថម្ភខ្ពស់ អាចរក្សារាងកាយឲ្យមានសុខភាពល្អ និងការពារពីជំងឺផ្សេងៗផងដែរ។ ប៉ុន្តែ បើយោងតាមលោក Parmeet Kaur ជាអ្នកឯកទេសអាហារូបត្ថម្ភជាន់ខ្ពស់នៃមន្ទីរពេទ្យ Narayana Superspeciality បាននិយាយថា ការញ៉ាំចេកច្រើនពេកមិនល្អសម្រាប់រាងកាយនោះទេ។

១.មានបញ្ហារំលាយអាហារ
ជាតិសរសៃនៅក្នុងផ្លែចេក អាចជួយរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ ប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យម។ ក៏ប៉ុន្តែ ប្រសិនបើអ្នកទទួលទានច្រើនពេក វានឹងបណ្តោលឲ្យអ្នកមិនស្រួលក្នុងពោះ ជាពិសេសជាតិសរសៃលើសអាចនាំឲ្យប៉ះពាល់ដល់ការស្រូបយកសារធាតុរ៉ែដូចជា កាល់ស្យូម និងជាតិដែក។

២.ឡើងទម្ងន់
ជាធម្មតា ការទទួលទានផ្លែចេកអាចជួយកាត់បន្ថយចំណង់អាហារ ដែលធ្វើឲ្យអ្នកស្រកទម្ងន់បាន។ ក៏ប៉ុន្តែចេក មានផ្ទុកកាឡូរីខ្ពស់ ប្រសិនបើអ្នកទទួលទានច្រើនជាងពីរផ្លែ ក្នុងមួយថ្ងៃ អាចបណ្តោលឲ្យរាងកាយឡើងទម្ងន់វិញ។

៣.មានបញ្ហាសុខភាពមាត់ធ្មេញ
ចេក គឺជាផ្លែឈើដែលមានជាតិស្ករច្រើន ទោះបីវាជាជាតិស្ករធម្មជាតិក៏ដោយ ក៏អាចនាំឲ្យប៉ះពាល់ដល់សុខភាពមាត់ធ្មេញដែរ។ នេះហើយជាបញ្ហាមួយក្នុងចំណោម បញ្ហាទូទៅបំផុតដែលធ្វើឲ្យអ្នកមានជំងឺពុកធ្មេញ និងអញ្ចាញធ្មេញ។

៤.ប៉ះពាល់ដល់បេះដូង
ចេក មានផ្ទុកប៉ូតាស្យូម ដែលអាចជួយរក្សាកោសិកាសាច់ដុំជំរុញដល់ការរំលាយអាហារ។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបរិមាណប៉ូតាស្យូមនៅក្នុងខ្លួនច្រើនពេក អាចនាំឲ្យមានជំងឺលើសឈាម។

ការកើនឡើងសារធាតុប៉ូតាស្យូមនៅក្នុងឈាម ក៏អាចបណ្តោលឲ្យចង្វាក់បេះដូង ដំណើរការខុសធម្មតា ចង្វាក់បេះដូងលោតយឺត និងស្ទះសរសៃឈាមបេះដូងផងដែរ។

ចេកមួយផ្លែ អាចផ្តល់សារជាតិប៉ូតាស្យូម ៤០០មីលីក្រាម ខណ:ដែលរាងកាយត្រូវការត្រឹមតែ ៤,៧០០មីលីក្រាមប៉ុណ្ណោះ ដូច្នេះអ្នកមិនគួរញ៉ាំច្រើនពេកជារៀងរាល់ថ្ងៃនោះឡើយ។

យកល្អអ្នកមិនគួរញ៉ាំចេកលើសពី ២ផ្លែក្នុងមួយថ្ងៃឡើយ ឬគួរទៅពិគ្រោះជាមួយអ្នកជំនាញផ្នែកអាហារូបត្ថម្ភបើចង់ទទួលទានចេក ឲ្យមានអត្ថប្រយោជន៍ និងមិនមានផលប៉ះពាល់៕

ដកស្រង់ពី៖ soha

មតិយោបល់