ព័ត៌មានសុខភាព

៦ចំណុចបញ្ជាក់ថា អ្នកកំពុងតែ​កើតជំងឺ​រលាកសួត

បើយោងតាមគេហទំព័រ soha បានបង្ហាញថា ជំងឺរលាកសួតអាចកើតមានចំពោះសួតតែម្ខាង ឬក៏ទាំងពីរ ដែលបង្កឡើងដោយសារតែការឆ្លងមេរោគ។

នៅពេលដែលមេរោគឆ្លងចូលទៅដល់សួត ថង់ខ្យល់នៅក្នុងសួតនឹងពោរពេញទៅដោយស្លេស បង្កឲ្យពិបាកដកដង្ហើម ឬអុកស៊ីសែនដែលផ្គត់ផ្គង់ទៅក្នុងឈាមត្រូវបានកាត់បន្ថយ។

កត្តាដែលនាំឲ្យមនុស្សងាយនឹងកើតជំងឺរលាកសួត គឺបណ្តោលមកពីការជក់បារី កើតជំងឺហឺត ឆ្លងមេរោគក្នុងផ្លូវដង្ហើម និងដុះដុំសាច់ក្នុងសួត។ លើសពីនេះទៅទៀត អ្នកដែលបានស្រូបយកធូលីដី មេរោគផ្សិត ផ្សែងបារីពីអ្នកជក់ច្រើនពេក… ក៏ជាមូលហេតុនាំឲ្យកើតជំងឺរលាកសួតដែរ។

ដូច្នេះ អ្នកត្រូវស្វែងយល់ពីអាការនៃជំងឺរលាកសួតឲ្យបានច្បាស់ ដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា។

ពិបាកដកដង្ហើមៈ ដោយសារតែមេរោគរលាកសួតកំពុងតែវាយប្រហារ ទើបធ្វើឲ្យផ្លូវដង្ហើមរបស់អ្នកជំងឺសម្បូរស្លេស ហើយពិបាកក្នុងការដកដង្ហើម។

ក្អកៈ
អ្នកជំងឺដែលកំពុងតែប្រឈមនឹងបញ្ហារលាកសួត ច្បាស់ជាមានអាការក្អកធ្ងន់ធ្ងរ ជាពិសេស អាចក្អកមានស្លេស ឬមានឈាម មកជាមួយផង។

ឈឺក្បាលៈ អាការឈឺក្បាលតែងតែកើតឡើងចំពោះអ្នកដែលមានជំងឺគ្រុន ក៏ប៉ុន្តែស្ថានភាពបែបនេះក៏កើតមានជាញឹកញាប់ចំពោះអ្នកជំងឺរលាកសួតដែរ។

ឈឺទ្រូងៈ មេរោគរលាកសួត អាចធ្វើឲ្យរាងកាយរបស់អ្នកជំងឺមានការឈឺចាប់ ក្នុងនោះដើមទ្រូង គឺជាចំណុដែលត្រូវកើតជាញឹកញាប់ជាងគេ។

ធុញថប់ និងអស់កម្លាំងៈ អ្នកជំងឺរលាកសួត អាចកើតមានអាការធុញថប់ និងអស់កម្លាំង ខុសពីមនុស្សធម្មតា ជាពិសេសបន្ទាប់ពីពួកគេធ្វើលំហាត់ប្រាណរួច។

បែកញើសច្រើនខុសប្រក្រតីៈ អាការក្តៅខ្លួនខ្លាំង រួមទាំងបែកញើសច្រើន គឺជារោគសញ្ញាដែលអ្នកជំងឺរលាកសួតភាគច្រើនតែងតែជួបប្រទះ។ ក្នុងដំណាក់កាលនេះ សូម្បីតែដង្ហើមក៏ពិបាកដក ហើយចង្វាក់បេះដូងក៏លោតញាប់ខុសធម្មតាដែរ៕

មតិយោបល់