ព័ត៌មានសិល្បៈ និងកម្សាន្ត

ទូរទស្សន៍ថៃល្បីឈ្មោះTNN ចេញមុខកែទម្រង់កម្មវិធី នៅប៉ុស្ដិ៍លេខ៥

យោងតាមការប្រកាសក្នុងវេទិកាសន្និសីទកាលពីព្រឹកថ្ងៃទី១៥ មីនា នៅសណ្ឋាគារសូហ្វីតែល ប៉ុស្ដិ៍លេខ៥ ដែលត្រូវគេស្គាល់ថាជាប៉ុស្ដិ៍ដែលមានវ័យចំណាស់តាំងពីមានឈ្មោះថាប៉ុស្ដិ៍IBCនោះ នឹងធ្វើការកែទម្រង់កម្មវិធីរបស់ខ្លួន តាមរយៈការចុះអនុស្សារណៈផ្លូវការជាមួយទូទស្សន៍ល្បីរបស់ថៃឈ្មោះ TNN 24h។ ផ្អែកតាមMOU នេះ ប៉ុស្ដិ៍លេខ៥នឹងត្រូវបានដាក់បញ្ចូលកម្មវិធីថ្មីជាច្រើនដោយក្រៅពីកម្មវិធីកម្សាន្ត ក៏នឹងធ្វើអោយក្លាយជាប៉ុស្ដិ៍ដែលមានព័ត៌មានប្រកួតប្រជែង ដោយមានកម្មវិធីវប្បធម៌ កីឡា និងកម្មវិធីស្រាវជ្រាវផ្សេងទៀតដែលជាប្រយោជន៍ដល់កម្ពុជានោះផងដែរ។ យ៉ាងណាមិញ នូវរាល់កម្មវិធីពាក់ព័ន្ធនយោបាយ ត្រូវបានប្រកាសលុបចោល។

លោកនាង ផាត រដ្ឋលេខាធិកាក្រសួងការពារជាតិ និងជាអគ្គនាយកប៉ុស្ដិ៍លេខ៥ បានថ្លែងក្នុងពិធីចុះហត្ថលេខាទ្វេរភាគីនោះថា ក្រៅពីកម្មវិធីកម្សាន្ត ប៉ុស្ដិ៍លេខ៥សម្រេចចិត្តកែទម្រង់អោយក្លាយជាប៉ុស្ដិ៍ព័ត៌មានឈានមុខគេមួយ ដោយមានទាំងការផលិតកម្មវិធីកីឡា កម្មវិធីអប់រំ និងកម្មវិធីវប្បធម៌ល្អៗផងបម្រើអោយជនជាតិកម្ពុជា ទើបប៉ុស្ដិ៍លេខ៥សម្រេចចិត្តចាប់ដៃរយៈពេល២ឆ្នាំជាមួយទូរទស្សន៍TNN របស់ថៃដែលជាប៉ុស្ដិ៍ល្បីឈ្មោះខាងផលិតកម្មវិធីព័ត៌មាន ផលិតកម្មវិធីកីឡា ផលិតកម្មវប្បធម៌អប់រំនៅក្នុងប្រទេសថៃ។ យ៉ាងណាមិញ លោកបដិសេធថាប៉ុស្ដិ៍លេខ៥មិនយកកម្មវិធីទាំងស្រុងរបស់ទូរទស្សន៍ TNN មកផ្សាយក្រោយ MOU នេះទេ គឺគ្រាន់តែតម្រូវអោយក្រុមការងារប៉ុស្ដិ៍ TNN ជួយផលិតកម្មវិធីព័ត៌មាន កម្មវិធីកីឡា កម្មវិធីវប្បធម៌ និងកម្មវិធីអប់រំ អោយប៉ុស្ដិ៍លេខ៥ ដើម្បីបម្រើអោយសង្គមកម្ពុជាប៉ុណ្ណោះ។

លោក Supachai Verapuchong អ្នកគ្រប់ទូទៅប្រចាំប៉ុស្ដិ៍លេខ៥បានអះអាងថា ស្ថាប័នរបស់លោក MOU រយៈពេល២ឆ្នាំជាមួយប៉ុស្ដិ៍ TNN របស់ថៃ ក្នុងគោលបំណងធ្វើអោយប៉ុស្ដិ៍លេខ៥ប្រែក្លាយពីប៉ុស្ដិ៍ដែលមានតែកម្មវិធីរឿងភាគខ្មែរ និងថៃ អោយក្លាយជាប៉ុស្ដិ៍ព័ត៌មាន ជាប៉ុស្ដិ៍មានកម្មវិធីកីឡា កម្មវិធីវប្បធម៌ និងកម្មវិធីអប់រំល្អៗ ដែលនិយាយពីសង្គមកម្ពុជា ហើយមានប្រយោជន៍ដល់អ្នកទស្សនា។ ក្នុងនោះក៏គ្រោងទិញកម្មវិធីល្អៗពីបរទេស មកផលិតសម្រាប់ប៉ុស្ដិ៍ដូចគ្នានាងប៉ុស្ដិ៍ផ្សេងទៀត ទិញកម្មវិធី Cambodian Idol ឬ The Voice យកមកផលិតនៅក្នុងស្រុកដូច្នេះដែរ។ លោកថាក្រោយចាប់ដៃជាមួយTNN ប៉ុស្ដិ៍លេខ៥ នឹងចាប់ដៃជាមួយប៉ុស្ដិ៍ខ្លាំងៗផ្សេងទៀតរបស់ថៃ ដើម្បីផលិតកម្មវិធីល្អៗប្រកួតប្រជែង៕

មតិយោបល់