ព័ត៌មានសុខភាព

ការរកឃើញថ្មី! គេងស្រម៉ុកពីក្មេង ធំឡើងអាចមានចរិកអាក្រក់

មនុស្សពេញវ័យគេងស្រម៉ុកដោយសារតែរាងកាយទទួលរងនូវសំពាធខ្លាំងពីការងារ ឬមានបញ្ហាសុខភាពជាដើម។ ប៉ុន្តែប្រសិនបើ​កុមារ​មានទម្លាក់​គេស្រម៉ុកឮៗ តាំងពីតូច ពួកគេអាចប្រឈមមុខនឹងបញ្ហាផ្សេងៗ​ជាច្រើនទៅ​ថ្ងៃអនាគត់។

ក្រុមអ្នកជំនាញនៅមជ្ឈមណ្ឌល Cincinnati Children’s បានធ្វើស្រាវជ្រាវទៅលើកុមារចំនួន ២៤៩នាក់ រកឃើញថា កុមារដែលគេងស្រម៉ុកឮៗ តិច​បំផុតត្រឹមមួយសប្តាហ៍ពីរដងនៅចន្លោះអាយុ ២ទៅ ៣ឆ្នាំ អាចមានអាកប្បកិរិយាអាក្រក់​ច្រើនជាង​កុមារដែលមិនគេងស្រម៉ុក។ លោកបណ្ឌិត Dean Beebe មានប្រសាសន៍ថា (ក្មេងដែលគេងស្រម៉ុកខ្លាំងៗដោយសារតែ ពួកគេរស់នៅក្នុងគ្រួសារដែលមានស្ថានភាពមិនល្អ និងបាន​បៅដោះម្តាយ​មានរយៈ​ពេលខ្លី)។

លោកបណ្ឌិតបានបន្ថែមទៀតថា (ការគេងស្រម៉ុក អាចធ្វើឲ្យមានឥរិយាបទកាន់តែអាក្រក់ នៅពេលដែលពួកគេចូលរៀន)។ ការរកឃើញនេះ​បាន​ជួយជំរុញ និងលើកទឹកចិត្តដល់អ្នកម្តាយគ្រប់រូប ឲ្យបន្តការបំបៅដោះកូនឲ្យបានច្រើន ពីព្រោះក្នុងចំណោមក្មេង១០នាក់ មានក្មេងម្នាក់​ហើយ​ដែល​គេង​ស្រម៉ុក។

តើកុមារដែលគេងស្រម៉ុកត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរមែនទេ?
លោកវេជ្ជបណ្ឌិត Beebe មានប្រសាសន៍ថា (ឪពុកម្តាយភាគច្រើនមិនដឹងថា កុមារដែលគេងស្រម៉ុកខ្លាំងៗ ត្រូវប្រឈមនឹងបញ្ហាខុសប្រក្រតីនោះទេ ហើយអ្វីដែលក្មេងៗមានហានិភ័យខ្លាំងបំផុតនោះ គឺអាកប្បកិរិយាអាក្រក់ មិនគួរឲ្យស្រឡាញ់ដូចមុនទៀត)។ មិនតែប៉ុណ្ណោះ ការគេងស្រម៉ុក​អាចជាសញ្ញា​នៃបញ្ហាផ្លូវដង្ហើម ជាពិសេសការគេងនៅពេលយប់។

អ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ការបំបៅដោះកូនរយៈពេលយូរ អាចជួយការពារកុមារតូចៗមិនឲ្យគេងស្រមុក រួមទាំងបញ្ហា​ផ្សេងៗ​ទៀត​ដែលកើត​មានឡើងនៅក្នុងជីវិតរបស់កុមារ៕

មតិយោបល់