ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិត សុជាតា សារភាពរឿងប្ដី និងកើតកូនភ្លោះដាក់ចិញ្ចឹមក្នុងកែវ

នៅទីបំផុតតារាសម្ដែងអ្នកនាងឈិត សុជាតា បានសារភាពហើយថាអ្នកនាងពិតជាមានស្វាមី និងបានសម្រាលបានកូនភ្លោះ២រូបក្នុងពេលបាត់មុខប្រាកដមែន។ កូនភ្លោះទាំង២ត្រូវអ្នកនាងបញ្ជាក់ថាបានចិញ្ចឹមក្នុងកែវតាំងពីអាយុ៦ខែ ដោយទើបនឹងបានយកចេញពីពេទ្យ ហើយមើលថែខ្លួនឯង និងម្ដាយក្មេកកាលពីប៉ុន្មានសប្ដាហ៍មុនប៉ុណ្ណោះ។

ក្នុងបទសម្ភាសន៍ជាមួយ Post Komsan ក៏ដូចជា Post News Media អ្នកនាងនិយាយថាអ្នកនាងមានស្វាមីមួយរយៈមកហើយ ប៉ុន្តែមកពីអ្នកនាងមិនបានប្រកាសទើបអ្នកខ្លះមិនចាប់អារម្មណ៍។ អ្នកនាងបានសម្រេចចិត្តយកកូនដំបូងកាលពីដើមឆ្នាំ២០១៦ ដោយកាលពីខែ៩ក្នុងឆ្នាំដដែលកូនភ្លោះប្រុសស្រីរបស់អ្នកនាងក៏បែកទឹកភ្លោះហើយកើតមុនខែក្នុងវ័យ៦ខែ តែត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យថៃ។

អ្នកនាងនិយាយថាកូនភ្លោះរបស់អ្នកនាងពេលកើតគឺមានលក្ខណៈខុសពីមនុស្សរលូតនោះទេ ដោយសារតែក្នុងពេលនោះអ្នកនាងប្រឹងប្រែងធ្វើការហួសកម្លាំង។ អ៊ីចឹងហើយទើបក្នុងពេលជួយសង្គ្រោះដោយក្រុមពេទ្យថៃ ក៏ត្រូវដាក់ចិញ្ចឹមក្នុងកែវរហូតដល់គ្រប់៩ខែ១០ថ្ងៃ ដោយតែបានយកចេញមកដល់ផ្ទះកាលពីពេលថ្មីៗ។

អ្នកនាងនិយាយថា«កូនភ្លោះខ្ញុំ ពេលខ្ញុំបែកទឹកភ្លោះរលូតហ្នឹងអត់ទាន់មានស្បែក និងដុះប្រដាប់ភេទគ្រប់ទេ(កូនប្រុស) តែដោយសារតែពេទ្យថៃគាត់មានបច្ចេកទេសចិញ្ចឹមក្នុងកែវ ទើបកូនភ្លោះខ្ញុំ ឥឡូវដូចក្មេងទូទៅចឹង!»។ អ្នកនាងថាកូនទាំង២ ទើបតែបានទៅយកពីថៃមកចិញ្ចឹមខ្លួនឯងប្រមាណជាង១ខែចុងក្រោយប៉ុណ្ណោះ ដោយសុខភាពរបស់ក្មេងទាំង២ ក៏ត្រូវតាមដានយ៉ាងពិសេសផងដែរ។

អ្នកនាងថាកូនភ្លោះរបស់អ្នកនាងមានបញ្ហាសួតនៅឡើយ ទើបអ្នកនាងមិនហ៊ានធ្វើពិធីបង្កក់ធំដុំដែលមានមនុស្សច្រើនចូលរួម ដោយសារតែពេទ្យបានហាមថាកូនប្រុសស្រីរបស់នាង នឹងងាយឆ្លងជំងឺសួតពីមនុស្សនៅជុំវិញខ្លួន។

អ្នកនាងថាខ្លួនមិនខ្លាចធ្លាក់កូដដោយសារតែការទទួលស្គាល់កូនខ្លួន និងទទួលស្គាល់ថាខ្លួនមានប្ដីនោះទេ ក្នុងពេលដែលអ្នកនាងក៏អះអាងថាមិនទាន់ចង់ចោលការងារសិល្បៈ១០០ភាគរយ។ អ្នកនាងបង្ហើបថាស្វាមីខ្លួនមានវ័យបងនាង២ឆ្នាំ ដោយលោកគឺជាមន្ត្រីរាជការ និងជាអ្នកជំនួញម្នាក់។ យ៉ាងណាមិញ អ្នកនាងថាសុំមិននិយាយពីអត្តសញ្ញាណរបស់ស្វាមីអោយលម្អិតនោះទេ។ អ្នកនាងនិយាយថាកូនប្រុសច្បងរបស់អ្នកនាងបានដាក់ឈ្មោះថា មេសា មហាសម្បត្តិ ហៅBoy និងកូនស្រីភ្លោះគឺឈ្មោះ មេសា ដានីតា ហៅ Apple ដោយក្រោយពីអ្នកនាងធ្វើពិធីរៀបការអោយកូនទាំង២ គឺពួកគេមិនសូវយំច្រើន និងឈឺច្រើនដូចមុនទេ៕



មតិយោបល់