តម្រងនោម គឺជាសរីរាង្គមួយផ្នែកដែលមានមុខងារសំខាន់បំផុតក្នុងការលាងសម្អាតឈាម ជួយផលិតអ័រម៉ូន ស្រូបយករ៉ែ ផលិតទឹកនោម បណ្តេញជាតិពុល និងអាស៊ីតចេញពីរាងកាយ។ ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ទង្វើប្រចាំថ្ងៃមួយចំនួនដែលអ្នកគិតថាធម្មតា អាចបំផ្លាញ់តម្រងដោយមិនដឹងខ្លួន។ តើទង្វើអ្វីខ្លះទៅ ដែលអាចបណ្តោលឲ្យខូចតម្រងនោម?
១.ទទួលទានទឹកមិនបានគ្រប់គ្រាន់
មុខងារសំខាន់បំផុតរបស់តម្រងនោម គឺការលាងសម្អាតឈាម បណ្តេញជាតិពុល និងកាកសំណល់ផ្សេងៗចេញពីរាងកាយ។ នៅពេលដែលអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ សារធាតុទាំងនោះ នឹងចាប់ផ្តើមកកុញក្នុងរាងកាយ ហើយបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ត្រងនោម។
២.ទទួលទានអំបិលច្រើនពេក
រាងកាយត្រូវការជាតិសូដ្យូមដែលបានមកពីអំបិលជាចាំបាច់ ដើម្បីរាងកាយធ្វើការបានត្រឹមត្រូវ។ ក៏ប៉ុន្តែ ការទទួលទានអំបិលច្រើនពេកអាចបណ្តោលឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយដាក់សម្ពាធខ្លាំងលើតម្រងនោម។ អ្នកត្រូវចាំថា មិនគួរទទួលទានអំបិលលើស ៥ក្រាមក្នុងមួយថ្ងៃនោះទេ។
៣.ទប់នោម
ដោយសារតែភាពមមាញឹកជាមួយនឹងការងារ ទើបធ្វើឲ្យមនុស្សជាច្រើនទប់មិនព្រមបត់ជើងតូចសោះ។ តែការទប់មិនព្រមបញ្ចេញទឹកនោមជាញឹកញាប់ អាចឲ្យតម្រងនោមមានសម្ពាធខ្លាំង ហើយយូរៗទៅអាចបង្កជាក្រួសក្នុងតម្រងនោម។
៤.បរិភោគសាច់ក្រហមច្រើន
ទោះបីជាប្រូតេអ៊ីនមានការចាំបាច់សម្រាប់រាងកាយ អ្នកគួរតែកាត់បន្ថយការទទួលទានសាច់ក្រហម ព្រោះប្រូតេអ៊ីនរបស់វាអាចផលិតអាស៊ីតខ្ពស់នៅក្នុងឈាម ដែលអាចបំផ្លាញ់តម្រងនោម ហើយរាងកាយមានផ្ទុកអាស៊ីតកាន់តែច្រើន។ ដូច្នេះ អ្នកគួរទទួលទានឲ្យមានតុល្យភាព ឬប្តូរមកទទួលទានប្រូតេអ៊ីនដែលមាននៅក្នុងបន្លែផ្លែឈើជំនួសវិញ។
៥.ចូលចិត្តរបស់ផ្អែម
ការចូលចិត្តទទួលទានរបស់ដែលមានជាតិផ្អែមខ្លាំងពេក អាចបណ្តោលឲ្យមានសម្ពាធឈាមឡើងខ្ពស់ និងកើតជំងឺទឹកនោមផ្អែម។ ការសិក្សាបានបង្ហាញថា ការទទួលទានភេសជ្ជៈដែលមានជាតិផ្អែម ឬភេសជ្ជៈប៉ូវកំម្លាំងច្រើនពេក អាចបណ្តោលឲ្យតម្រងនោមចុះខ្សោយ។
៦.ទទួលទានគ្រឿងស្រវឹង
ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង ២ ទៅ៣កែវ ម្តងម្កាល វាគ្មានបញ្ហាអ្វីដែលគួរឲ្យបានរម្ភនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកទទួលទានជារៀងរាល់ថ្ងៃ គួរតែគិតពីថ្លើម និងតម្រងនោមផង ព្រោះវានឹងត្រូវវិនាសឆាប់ៗ។
៧.អង្គុយច្រើន
ការសិក្សាថ្មីៗនេះ បានបង្ហាញថា មនុស្សដែលអង្គុយច្រើន ប្រឈមនឹងហានិភ័យវិវត្តទៅជាជំងឺទឹកនោមផ្អែម។ ដើម្បីកាត់បន្ថយហានិភ័យនេះ អ្នកគួរតែឧស្សាហ៍ងើបដើរឲ្យបានញឹកញាប់ ជាពិសេសពេលអង្គុយធ្វើការ។
៨.ប្រើថ្នាំបំបាត់ការឈឺចាប់
ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ពេក អាចបណ្តោលឲ្យលំហូរទឹកនោមមានការរាំងស្ទះ ហើយប្រសិនបើសកម្មភាពបែបនេះនៅតែបន្តយូរៗទៅ អាចធ្វើឲ្យខូចសរីរាង្គតម្រងនោមជាមិនខាន៕
មតិយោបល់