ព័ត៌មានសុខភាព

៥ចំណុច អ្នកដែលល្មោភនិងផ្លូវភេទ គួរតែដឹងឲ្យបានច្បាស់

មនុស្សដែលប្រលូកក្នុងការរួមភេទច្រើន មិនមែនសុទ្ធតែអាក្រក់នោះទេ ប្រសិនបើការប្រព្រឹត្តិទៅក្នុងផ្លូវត្រឹមត្រូវ និងមិនខុសច្បាប់។ ប៉ុន្តែការរួមភេទជាមួយដៃគូរច្រើន អាចធ្វើឲ្យអ្នកប្រឈមនិងជំងឺសង្គមផ្សេងៗ ជាពិសេសជំងឺអេសដ៍ ប្រសិនបើអ្នកមិនយល់ដឹងពីវិធីការពារឲ្យបានច្បាស់។ យោងតាមគេហទំព័រ wittyfeed បានចុះផ្សាយថា ដើម្បីជៀសផុតពីជំងឺអេសដ៍ និងជំងឺមួយចំនួនទៀត អ្នកគួតែស្វែងយល់ពី៥ចំណុចនេះ។

១.សារធាតុរាវ ដែលផ្ទុកមេរោគអេសដ៍
មនុស្សភាគច្រើនយល់ថា មេរោគអេសដ៍ មានផ្ទុកតែនៅក្នុងឈាមប៉ុណ្ណោះ។ តាមពិតទៅ ក្រៅពីឈាម មេរោគអេសដ៍ ក៏មានផ្ទុកនៅក្នុងសារធាតុរាវមួយចំនួនរបស់មនុស្សដូចជា ទឹករងី ទឹកដោះ និងទឹករំអិលចេញពីទ្វារមាស ជាដើម។ ដូចនេះអ្នកត្រូវតែប្រុងប្រយ័ត្នចំពោះវត្ថុរាវទាំងនេះផងដែរ។

២.ធ្វើតេស្ត
ជម្រើសល្អបំផុត គឺត្រូវធ្វើតេស្តឈាម មុនរួមភេទ ព្រោះអ្នកមិនអាចប្រថុយអាយុជីវិតរបស់អ្នក ទៅជឿពាក្យសម្តីមនុស្សប្រុស ឬស្រី ណាម្នាក់ដោយមើលតែពីសំបកក្រៅនោះទេ ជាពិសេសជាមួយដៃគូដែលអ្នកមិនសូវស្គាល់។

៣.ជៀសបានគួរតែជៀស
ប្រសិនបើអ្នកអាចជៀសបានគួរតែជៀសទៅ កុំប្រថុយរួមភេទជាមួយមនុស្ស ដែលអ្នកមិនដែលស្គាល់សោះ ព្រោះយើងមិនអាចដឹងថា ពួកគាត់កើតជំងឺអ្វីខ្លះ និងមានបំណងយ៉ាងណាចំពោះយើងឡើយ។

៤.ប្រើលោកជួយ
វិធីការពារដែលមានប្រសិទ្ធភាពបំផុត គឺការប្រើស្រោមអនាម័យ។ បុរស ឬនារីក៏ដោយ ត្រូវតែប្រើស្រោមអនាម័យក្នុងពេលរួមភេទ ដើម្បីការពារខ្លួនពីជំងឺផ្សេងៗ និងការពារការមានកូនដោយចៃដន្យផង។

៥.ប្រយត្នចំពោះការ ចាក់សាក់
យុវវ័យសម័យនេះ និយមចាក់សាក់ មិនថាប្រុស ឬស្រី ដោយមិនដឹងថាវាប្រឈមនិងការឆ្លងជំងឺជាច្រើននោះទេ។ ដូច្នេះ ប្រសិនបើអ្នកត្រូវការចាក់សាក់ ត្រូវតែរកកន្លែងណាដែលមានអ្នកជំនាញ និងអនាម័យខ្ពស់៕

មតិយោបល់