ដើម្បីថែរក្សាអាហារឲ្យបានយូរ ហើយនៅស្រស់ ស្ត្រីមេផ្ទះភាគច្រើនតែងតែយកទៅក្លាសេនៅក្នុងទូរទឹកកក។ ប៉ុន្តែ បើយោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញថា អ្នកពុំគួរយកអាហារមួយចំនួនទៅដាក់ក្លាសេនៅក្នុងទូរទឹកកកឡើយ ព្រោះវាអាចបណ្តោលឲ្យឆាប់ខូច។
ខាងក្រោមនេះ គឺជាអាហារទាំង៧ប្រភេទ ដែលអ្នកមិនគួររក្សាទុកក្នុងទូរទឹកកកឡើយ៖
១.ខ្ទឹមបារាំង
ការដាក់ខ្ទឹមបារាំងនៅក្នុងទូរទឹកកក អាចបណ្តោលឲ្យបាត់បង់រសជាតិ និងឆាប់ខូចបំផុត។ យកល្អ អ្នកគួរតែដាក់វាត្រង់កន្លែងដែលស្ងួត ហើយមានខ្យល់ចេញចូលបានល្អទៅបានហើយ។
២.ជីនាងវង
ជីនាងវង គឺជារុក្ខជាតិមួយប្រភេទដែលងាយនឹងខូច ប្រសិនបើវាស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់ពេក ហើយមិនតែប៉ុណ្ណោះ ក្លិនរបស់វានឹងសាយភាយទៅជាប់អាហារដទៃទៀត។ វិធីល្អ អ្នកគួរតែត្រាំគល់ជីប្រភេទនេះ នៅក្នុងទឹកត្រជាក់ ហើយរក្សានៅក្នុងកន្លែងដែលស្រឡះ។
៣.ទឹកឃ្មុំ
ដើម្បីរក្សាអាហារូបត្ថម្ភរបស់ទឹកឃ្មុំឲ្យបានល្អបំផុត អ្នកគួរតែរក្សានៅក្នុងសីតុណ្ហភាពធម្មតា និងនៅក្នុងកែវកញ្ចក់។ ផ្ទុយទៅវិញ ប្រសិនបើអ្នកយកវាទៅក្លាសេនៅក្នុងទូរទឹកកក ច្បាស់ជាបាត់បង់គុណភាពដើមជាមិនខាន។
៤.ខ្ទឹមស
នៅពេលដែលអ្នកយកខ្ទឹមសទៅរក្សាទុកក្នុងទូរទឹកកក វាច្បាស់ជាឆាប់ដុះពន្លក។ ដូច្នេះ អ្នកគួរទុកវានៅកន្លែងដែលស្ងួត និងមានខ្យល់ចេញចូលបានល្អ។
៥.ផ្លែប៊ឺរ
ប្រសិនបើអ្នកចូលចិត្តផ្លែប៊ឺរ កុំទុកនៅក្នុងទូរទឹកកឲ្យសោះ ព្រោះវាឆាប់ទុំ និងស្អុយរលួយបំផុត។ ហេតុនេះ អ្នកគួរតែរក្សាផ្លែប៊ឺរ ទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតាបានហើយ។
៦.ដំឡូងបារាំង
ការរក្សាដំឡូងបារាំងនៅក្នុងទូរទឹកកក អាចបណ្តោលឲ្យបាត់បង់រសជាតិដើម ហើយជាតិស្កររបស់វា នឹងប្រែទៅជាស្ករមិនល្អសម្រាប់សុខភាព។ ជម្រើសដ៏ល្អ អ្នកគួរតែរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតា ហើយស្ងួត។
៧.ប៉េងប៉ោះ
ប្រសិនបើអ្នកយកប៉េងប៉ោះទៅរក្សានៅក្នុងទូរទឹកកកយូរពេក វានឹងបាត់បង់រសជាតិ ហើយនៅពេលដែលចម្អិនអ្នកនឹងមានអារម្មណ៍ថារឹងៗ។ ហេតុនេះហើយ អ្នកត្រូវរក្សាប៉េងប៉ោះនៅកន្លែងស្ងួត ហើយកុំទិញប៉េងប៉ោះដែលទុំជោរមកទុកឲ្យសោះ៕
មតិយោបល់