ក្រូចឆ្មា មិនត្រឹមតែជាគ្រឿងទេសសម្រាប់ផ្សំនៅក្នុងអាហារឲ្យមានរសជាតិកាន់តែឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងជាឱសថថែរក្សាសម្រស់ដ៏ល្អបំផុត។ បើយោតាម គេហទំព័រ naturalmedicinebox បានបង្ហាញថា ក្រូចឆ្មាមានផ្ទុកវីតាមីន C ដ៏សម្បូរបែប រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយដោះស្រាយបញ្ហាស្បែក សក់ និងក្លិនខ្លួនបានយ៉ាងពូកែ។
ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ក្រូចឆ្មា ដើម្បីថែរក្សាសម្រស់ៈ
១.កម្ចាត់មុនក្បាលខ្មៅ
យកក្រូចឆ្មាមួយចំណិតមកត្រដុសនៅលើតំបន់ដែលកើតមុនក្បាលខ្មៅ រួចទុកប្រហែលជា ១០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ប៉ុន្តែ ក្នុងអំឡុងពេលប្រើប្រាស់ អ្នកមិនគួរឲ្យត្រូវពន្លឺថ្ងៃនោះទេ ព្រោះវាអាចបង្កឲ្យមានសម្ពាធដល់ស្បែក។
២.ថែរក្សាបបូរមាត់ឲ្យមានសំណើម
អ្នកគ្រាន់តែយកទឹកក្រូចឆ្មា កន្លះស្លាបព្រាកាហ្វេ មកលាបនៅលើបបូរមាត់រៀងរាល់មុនពេលគេងតែប៉ុណ្ណោះ វានឹងជួយឲ្យបបូរមាត់របស់លោកអ្នកជៀសផុតពីភាពស្ងួត ហើយមានសំណើមជានិច្ច។
៣.ការពារសក់ខូច
អ្នកត្រូវយកទឹកក្រូចឆ្មា ១ពែងលាបនៅលើសក់ឲ្យសព្វល្អ (តែបើសក់ច្រើនអ្នកត្រូវប្រើទឹកក្រូចឆ្មាច្រើនដូចគ្នា)។ អនុវត្តបែបនេះ ១ទៅ ២ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានសក់ភ្លឺរលោង ហើយជៀសផុតពីភាពផុយស្រួយដោយសារពន្លឺព្រះអាទិត្យ។
៤.បំបាត់ក្លិនខ្លួន
គុណសម្បត្តិដ៏អស្ចារ្យមួយទៀតនៃក្រូចឆ្មា គឺបំបាត់ក្លិនក្លៀក រួមទាំងក្លៀកខ្មៅផងដែរ។ ចំណែកឯការប្រើប្រាស់គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែប្រើទឹកក្រូឆ្មា១ស្លាបព្រាកាហ្វេ ម្សៅស្រូវសាឡី១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេ លាយបញ្ចូលគ្នាឲ្យសព្វ។ បន្ទាប់មកអនុវត្តនៅក្រោមក្លៀករយៈពេល ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ប៉ុន្តែយ៉ាងហោចណាស់មួយសប្តាហ៍អនុវត្តឲ្យបាន ២ ទៅ៣ដង។
៥.កាត់បន្ថយការកើតមុន
មុន កើតឡើងដោយសារតែការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ របបអាហារ ការផ្លាស់ប្តូរអ័រម៉ូន បាក់តេរី និងកត្តាផ្សេងៗទៀត។ ប៉ុន្តែ បញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន គ្រាន់តែអ្នកប្រើទឹកក្រូចឆ្មាមកលាបនៅលើតំបន់ដែលរងនូវផលប៉ះពាល់រយៈពេល ១៥នាទី ហើយលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ សូមព្យាយាមអនុវត្តបែបនេះមួយសប្តាហ៍ឲ្យបាន ២ទៅ ៣ដង ប៉ុន្តែក្នុងពេលប្រើប្រាស់កុំឲ្យត្រូវនឹងពន្លឺព្រះអាទិត្យសោះ ព្រោះវាអាចបង្កឲ្យស្បែកមានប្រតិកម្ម៕
មតិយោបល់