អ្នកណាៗក៏ចង់មានសុខភាពល្អ ហើយរស់នៅបានយូរអង្វែងដែរ ក៏ប៉ុន្តែបំណងប្រាថ្នាមួយនេះត្រូវបានបរាជ័យដោយសារតែកត្តាមួយចំនួន។ បើយោងតាមគេហទំព័រ healthylifehouse បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ប្រសិនបើអ្នកមិនចង់ក្លាយជាមនុស្សឆាប់ចាស់ទេ សូមជៀសវាងកត្តា៥ចំណុច ព្រោះវាអាចធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្សេងៗ ហើយឆាប់ចាស់បំផុត។

ការគេង
កង្វះនៃការគេង អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ កើតជំងឺបេះដូង ជំងឺហឺត អាឡែស៊ី និងការរំលាយអាហារ។ តាមការសិក្សាមួយបានបង្ហាញថា ការគេងតិចអាចប្រឈមនឹងហានិភ័យឆាប់ស្លាប់១០ទៅ១២ភាគរយ ខណៈដែលការសិក្សាមួយទៀតបានបង្ហាញថា ការគេងលើសកម្រិតអាចប្រឈមនឹងហានិភ័យនៃការឆាប់ស្លាប់២៣ទៅ៣០ភាគរយ។ ដូច្នេះ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នាគេងក្នុងមួយថ្ងៃត្រឹមតែ៦ទៅ៨ម៉ាង គឺល្អបំផុត។
ទម្ងន់
ការលើសទម្ងន់នាំមកនូវបញ្ហាសុខភាពជាច្រើនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ សម្ពាធឈាមខ្ពស់ ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល គេមិនលក់ ជំងឺរលាកឆ្អឹង ជំងឺខ្លាញ់ក្នុងថ្លើម ជំងឺតម្រងនោម និងជំងឺមហារីក។ ជំងឺទាំងអស់នេះហើយ ជាដើមហេតុធ្វើឲ្យអ្នកឆាប់ស្លាប់មុនអាយុ ដូច្នេះសូមព្យាយាមថែរក្សាទម្ងន់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យរាងកាយមានសុខភាពល្អ។
ស្តាប់កាស ឬនិយាយទូរស័ព្ទច្រើនពេក
មនុស្សជាច្រើនតែគិតថា ទម្លាប់បែបនេះគ្មានបញ្ហាអ្វីនោះទេសម្រាប់សុខភាព ប៉ុន្តែវាអាចបំផ្លាញ់ត្រចៀកដែលបណ្តោលឲ្យថ្លង់ និងធ្វើឲ្យអ្នកចាស់កាន់តែលឿន។ ហេតុនេះហើយ ដើម្បីថែរក្សាច្រៀកឲ្យមានសុខភាពល្អ អ្នកគួរតែកាត់បន្ថយការស្តាប់កាស និងកុំនិយាយទូរស័ព្ទយូរពេក។
ភាពឯកា
ភាពឯកា ធ្វើឲ្យអ្នកមានជំងឺធ្លាក់ទឹកចិត្ត និងមានភាពតានតឹង ដែលអាចប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព។ បើយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលចូលចិត្តរស់នៅក្នុងភាពឯកា ប្រឈមនឹងការស្លាប់មុនអាយុរហូតដល់២៦ភាគរយ។
ជាតិស្ករ
អ្នកដែលចូលចិត្តទទួលទានអាហារដែលសម្បូរជាតិស្ករ ពិតជាមានផលប៉ះពាល់ខ្លាំងបំផុតដល់សុខភាព។ ព្រោះអាហារទាំងនេះអាចធ្វើឲ្យអ្នកឡើងទម្ងន់ ហើយងាយនឹងកើតមានហានិភ័យនៃជំងឺផ្សេងៗ។ ប៉ុន្តែ ប្រសិនបើអ្នកព្យាយាមទទួលទាន បន្លែផ្លែឈើឲ្យបានច្រើន ហើយធ្វើលំហាត់ប្រាណ៥ដងក្នុងមួយសប្តាហ៍ អ្នកនឹងមានសុខភាពល្អមិនងាយឈឺឡើយ។
ដូច្នេះហើយ ដើម្បីការពារខ្លួនឲ្យមានសុខភាពល្អ និងជៀសផុតពីភាពឆាប់ចាស់មុនអាយុ អ្នកគួរតែជៀសវាងកត្តា៥ចំណុចនៅខាងលើនេះឲ្យបាន៕
មតិយោបល់