ព័ត៌មានបច្ចេកវិទ្យា

Apple បដិសេធផ្តល់សំណងករណីកាស Beats ផ្ទុះឆេះ

កាលពីពេលថ្មីៗនេះ មានស្រ្តីជនជាតិអូស្រ្តាលីម្នាក់បានជួបឧប្បត្តិវហេតុនៃការផ្ទុះឆេះកាសស្តាប់ត្រចៀក ដែលបណ្តាលឱ្យផ្ទៃមុខរបស់នាងត្រង់ថ្ពាល់ខាងស្តាំរងការរលាកធ្ងន់ធ្ងរ ហើយនាងក៏បានដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Apple ចំពោះករណីនេះ។

ទោះយ៉ាងណា ក្រុមហ៊ុនបានបដិសោធមិនផ្តល់សំណងចំពោះករណីនេះទេ ដោយសម្អាងថា កាស Beats ដែលរូបនាងប្រើនោះ ប្រើប្រាស់ថ្មផលិតឡើងដោយភាគីទីបី ឬអាចនិយាយបានថាជាថ្មក្លែងក្លាយ ហើយវាត្រូវបានក្រុមហ៊ុនស៊ើបរកឃើញថា ជាមូលហេតុនៃការផ្ទុះឆេះនេះ។

ករណីនេះ បានកើតឡើងចំពោះស្ត្រីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ ពេលនាងគេងសម្រាកអំឡុង​ហោះ​ហើរពីទីក្រុងប៉េកាំង ទៅមែលប៊ន។ ពេលនោះ កាសដែលនាងកំពុងដាក់ស្តាប់នៅលើត្រចៀកក៏ផ្ទុះឆេះឡើង បង្កជាសំឡេងលាន់ឮខ្លាំង ផ្អើលដល់អ្នកដំណើរនៅលើយន្តហោះ។

គួររំឭកថា ក្រុមហ៊ុន Apple ព្យាយាមផ្តាច់ការប្រើប្រាស់កាសស្តាប់ត្រចៀកចេញពីទូរសព្ទ iPhone របស់ខ្លួន ដោយមិនចាំបាច់ប្រើខ្សែ។ ម្លោះហើយ ទើបធ្វើឱ្យកាសទាំងនោះ ទាមទារឱ្យមានការប្រើប្រាស់ថាមពលថ្ម ទើបអាចដំណើរការបាន៕

ប្រភពព័ត៌មានៈ zdnet

មតិយោបល់