តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាមនុស្សមួយចំនួនធំសុទ្ធតែកើតជំងឺក្រពះ? ជំងឺក្រពះបានក្លាយទៅជាជំងឺទូទៅមួយទៅហើយសម្រាប់មនុស្សបច្ចុប្បន្ន។ នេះក៏ដោយសារតែទម្លាប់រស់នៅប្រចាំថ្ងៃ បូករួមទាំងការទទួលទានរបបអាហារមិនបានត្រឹមត្រូវ។ ប៉ុន្តែបើយោងតាមគេហទំព័រ soha បានបង្ហាញឲ្យដឹងថា ជំងឺក្រពះងាយស្រួលការពារណាស់ ប្រសិនបើអ្នកអាចជៀសវាងទម្លាប់អវិជ្ជមាន៥ចំណុចបាន។
ខាងក្រោមនេះ គឺជាទម្លាប់អវិជ្ជមាន៥ចំណុចដែលអ្នកគួរតែជៀសវាងៈ
១.ធ្វើការលើសម៉ោង
ប្រសិនបើអ្នកមានទម្លាប់ធ្វើការលើសម៉ោងរាល់ថ្ងៃ មុខងារការពារក្រពះនឹងត្រូវចុះខ្សោយ ដោយសារតែឈាមមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ កម្រិតជាតិអាស៊ីតកើនឡើង ទឹករំអិលត្រូវកាត់បន្ថយ និងធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ភ្នាសខាងក្នុងរបស់ក្រពះ។
២.កើតស្ត្រេស
អារម្មណ៍ គឺជាកត្តាដ៏សំខាន់មួយដែលជាប់ទាក់ទងទៅនឹងសុខភាពក្រពះដោយផ្ទាល់។ ប្រសិនបើអ្នកឧស្សាហ៍មានអារម្មណ៍តានតឹង ឬខឹងជាញឹកញាប់ អាចប៉ះពាល់ដល់ការបញ្ចេញចលនា និងរំលាយអាហាររបស់ក្រពះ។ នេះហើយជាមូលហេតុធ្វើឲ្យមានការវិវត្តទៅរកជំងឺដំបៅក្រពះកាន់តែខ្លាំងឡើងផងដែរ។
៣.បរិភោគអាហារមិនទៀងពេល
ដោយសារតែភាពមមាញឹកជាមួយនឹងការងារ ធ្វើឲ្យមនុស្សភាគច្រើនទទួលទានអាហារមិនបានទៀងពេល ហើយសូម្បីតែទឹកក៏ភ្លេចដែរ។ ទោះជាយ៉ាងណា អ្នកត្រូវចាំថាការទទួលទានអាហារលឿនពេក ឬយឺតពេលពេក គឺជាមូលហេតុមួយនៃជំងឺក្រពះ។
ការពន្យាពេលទទួលទានអាហារ ធ្វើឲ្យជាតិអាស៊ីត និងអង់ស៊ីមមានវត្តមានក្នុងក្រពះកាន់តែច្រើន ហើយប្រសិនបើគ្មានអាហារចូលពោះទេ វានឹងប៉ះពាល់ដល់ស្រទាប់ការពាររបស់ក្រពះ។ ហេតុនេះ អ្នកត្រូវព្យាយាមទទួលទានអាហារឲ្យបានត្រឹមត្រូវតាមពេលវេលា។
៤.បរិភោគច្រើនជ្រុល
អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការទទួលទានអាហារច្រើនជ្រុល ឬបរិភោគអាហារនៅពេលយប់មុនពេលចូលគេង អាចប៉ះពាល់ដល់ការគេង បង្កើនហានិភ័យនៃភាពធាត់ ហើយដាក់សម្ពាធធ្ងន់ដល់ក្រពះពោះវៀន។ បើអ្នកទម្លាប់បែបនេះយូរពេក ហានិភ័យនៃបញ្ហាដំបៅក្រពះកើនឡើងខ្ពស់ណាស់។
៥.បរិភោគលឿនពេក
នៅពេលដែលបរិភោគលឿនពេក ដោយមិនបានទំពារអាហារឲ្យម៉ត់ល្អទេនោះ ក្រពះត្រូវធ្វើការធ្ងន់ដើម្បីរំលាយបន្ថែម។ នេះគឺជាហេតុផលមួយទៀត ដែលបណ្តោលឲ្យភ្នាសខាងក្នុងរបស់ក្រពះត្រូវរងនូវការបំផ្លាញ ហើយយូរៗទៅក្រពះច្បាស់ជាមានជំងឺ។ ដូច្នេះ អ្នកគួរតែទទួលទានយឺតៗ ហើយទំពារឲ្យបានម៉ត់ល្មុននឹងលេបចូលពោះ ធ្វើបែបនេះទើបក្រពះមិនសូវទទួលបន្ទុកធ្ងន់ និងងាយស្រួលក្នុងការស្រូបយកសារធាតុសំខាន់ៗថែមទៀត។
ក្រៅពីនេះនៅមានកត្តាផ្សេងៗទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ ដូចជា ការបរិភោគអាហារគ្មានអនាម័យ ការសេពគ្រឿងស្រឹងច្រើនពេក ការជក់បារី និងការទទួលទានថ្នាំគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ក៏បណ្តោលឲ្យឈឺក្រពះផងដែរ៕
មតិយោបល់