យើងដឹងហើយថា គ្រឿងស្រវឹងអាចបំផ្លាញ់សុខភាពខ្លាំងណាស់សម្រាប់មនុស្សទូទៅ ចុះទំរាំតែទារកតូចៗដែលមានប្រព័ន្ធការពាររាងកាយខ្សោយទៀតនោះ តើមានផលប៉ះពាល់ខ្លាំងយ៉ាងណា? សូម្បីតែអ្នកម្តាយដែលទទួលទានគ្រឿងស្រវឹងក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ទារកដែរ។ នេះក៏ដោយសារតែគ្រឿងស្រវឹងអាចជ្រាបចូលទៅក្នុងទឹកដោះរបស់អ្នកម្តាយ ហើយប្រសិនបើក្នុងអំឡុងពេលបំបៅដោះកូន អ្នកម្តាយទទួលទានគ្រឿងស្រវឹងច្រើនពេក ទារកត្រូវប្រឈមនឹងបញ្ហាកាន់តែខ្លាំងដូចគ្នា។

ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលស្ត្រីគ្រប់រូបមិនគួរទទួលទានគ្រឿងស្រវឹងក្នុងអំឡុងពេលបំបៅដោះកូនឡើយៈ
១.អ្នកត្រូវចាំថា គ្រឿងស្រវឹងនឹងជ្រាបចូលទៅក្នុងចរន្តឈាម ហើយផ្ទេរទៅកាន់ទឹកដោះ។ ដូច្នេះ ប្រសិនបើអ្នកបំបៅដោះកូនក្នុងអំឡុងពេលនេះ ប្រៀបដូចជាឲ្យទារកទទួលទានគ្រឿងស្រវឹងដែរ ហើយលទ្ធផលទារកនឹងមានបញ្ហាសុខភាព។
២.គ្រឿងស្រវឹងអាចធ្វើឲ្យទារកមានអារម្មណ៍ងងុយគេង ប៉ុន្តែវាក៏អាចធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃការគេងរបស់ទារកដែរ។
៣.អ្នកជំនាញបានបង្ហាញថា ស្ត្រីដែលទទួលទានគ្រឿងស្រវឹងក្នុងដំណាក់កាលបំបៅដោះកូន ធ្វើឲ្យទារកមានការអភិវឌ្ឍយឺតខ្លាំងណាស់បើធៀបទៅនឹងទារកដទៃទៀត។
៤.ការទទួលទានគ្រឿងស្រវឹងច្រើនក្នុងអំឡុងពេលបំបៅដោះកូន អាចបំផ្លាញ់ថ្លើមរបស់ទារក ព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយខ្លាំងណាស់។
៥.រាល់គ្រឿងស្រវឹងទាំងអស់ អាចជ្រាបចូលទៅក្នុងទឹកដោះរបស់អ្នកម្តាយចំនួន ២ភាគរយ នេះហើយជាមូលហេតុមួយទៀតដែលធ្វើឲ្យទារកមានបញ្ហាសុខភាពទូទៅ។
៦.ក្នុងករណីតិចតួចបំផុត អ្នកម្តាយដែលទទួលទានគ្រឿងស្រវឹងច្រើនពេកក្នុងអំឡុងពេលបំបៅដោះ អាចបណ្តោលឲ្យទារកស្លាប់បាន។
៧.គ្រឿងស្រវឹងអាចផ្លាស់ប្តូររសជាតិរបស់ទឹកដោះ ដែលជាហេតុធ្វើឲ្យទារកបៅដោះបានតិចបំផុត។ ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យកូនមានសុខភាពល្អ គួរតែជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹងក្នុងដំណាក់កាលបំបៅដោះ៕
មតិយោបល់