ការញ៉ាំអាហារហិរមានដែនកំណត់ត្រឹមត្រូវ អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានច្រើនពេកវាច្បាស់ជាផ្តល់គុណវិបត្តិដល់រាងកាយជាក់ជាពុំខាន។ យ៉ាងណាម៉ិញ បើយោងតាមគេហទំព័រ soha បានឲ្យដឹងថា អ្នកជំងឺ៧ប្រភេទ គួរជៀសវាងអាហារហិរ ព្រោះវាអាចបណ្តោយឲ្យជំងឺកាន់តែធ្ងន់ធ្ងរទៅៗ រហូតព្យាបាលមិនទាន់ពេលក៏មានដែរ។
១.អ្នកជំងឺបេះដូង សម្ពាឈាមឡើងខ្ពស់ រលាកសួត របេង
ឥទ្ធិពលនៃអាហារហិរអាចប៉ះពាល់ដោយផ្ទាល់ទៅដល់ចរាចរឈាម ដែលបណ្តោលឲ្យបេះដូងលោតញាប់ជាងមុន។ ដូច្នេះ ការទទួលទានអាហារហិរមិនត្រឹមតែមានផលអវិជ្ជមានដល់សម្ពាធឈាម និងបេះដូងនោះទេ សូម្បីតែសួតក៏ប៉ះពាល់ដូចគ្នាដែរ។
២.អ្នកជំងឺរ៉ាំរ៉ៃ ដំបៅក្រពះ រលាកក្រពះ
អាហារហិរត្រូវបានគេចាត់ទុកជាមូលហេតុចម្បងដែលបង្កឲ្យមានជំងឺឈឺពោះ ទល់លាកម រាគរូស បញ្ហាក្រពះពោះវៀន និងជំងឺជាច្រើនទៀត។ ជាពិសេសសារជាតិហិរនៅក្នុងម្ទេសអាចប៉ះពាល់ដល់ក្រពះ និងប្រព័ន្ធរំលាយអាហារ។
៣.អ្នកជំងឺឬសដូងបាត
ការទទួលទានអាហារហិរខ្លាំងពេក អាចបណ្តោលឲ្យទល់លាមក សរសៃឈាមវ៉ែននៅជុំវិញរន្ធគូថត្រូវបានបិទ ធ្វើឲ្យតំបន់ជុំវិញគូថហើម និងធ្វើឲ្យឬសដូងបាតកាន់តែមានសភាពធ្ងន់ធ្ងរ។
៤.ស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូន
ក្រុមមនុស្សប្រភេទនេះ គួរតែកំណត់ការទទួលទានអាហារដែលមានរសជាតិហិរ ព្រោះវាអាចបណ្តោលឲ្យរាងកាយឡើងកម្តៅ ទល់លាមក ហើយប៉ះពាល់ដល់គុណភាពនៃទឹកដោះ។
៥.អ្នកជំងឺតម្រងនោម
ភារកិច្ចដ៏សំខាន់នៃតម្រងនោម គឺច្រោះជាតិពុលផ្សេងៗ និងទឹកនោមបញ្ចេញមកខាងក្រៅ។ ប៉ុន្តែនៅពេលដែលអ្នកទទួលទានអាហារហិរច្រើនពេក អាចប៉ះពាល់ដល់កោសិកានៅក្នុងតម្រងនោម ហើយមុខងារនៃតម្រងនោមត្រូវបាថយចុះយ៉ាងខ្លាំង។
៦.អ្នកដែលស្គមស្គាំង
មនុស្សដែលស្គមខ្លាំងអាចទទួលរងនូវបញ្ហាឈឺបំពងក និងឈឺចាប់រាងកាយយ៉ាងងាយ ប្រសិនបើពួកគេបរិភោគអាហារដែលមានរសជាតិហិរច្រើនពេក។ ជាពិសេសពួកគេអាចប្រឈមនឹងបញ្ហាខ្វះឈាម អាឡែស៊ី រលាក និងកើតមុន។
៧.មនុស្សដែលកំពុងប្រើថ្នាំព្យាបាលជំងឺ
ប្រសិនបើអ្នកកំពុងតែប្រើប្រាស់ថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺផ្សេងៗ គួរបដិសេធចំពោះអាហារដែលមានរសជាតិហិរ ព្រោះវាអាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំ។ លើសពីនេះទៅទៀត សម្រាប់មនុស្សធម្មតាក៏ត្រូវញ៉ាំឲ្យមានដែនកំណត់ដែរ ព្រោះការសិក្សាមួយបានបង្ហាញថា អ្នកដែលទទួលទានអាហារហិរច្រើនពេកនៅក្នុងរយៈពេលវែង អាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ បំពង់អាហារ…។
គុណវិបត្តិទាំងអស់នេះហើយដែលអ្នកជំនាញបានណែនាំឲ្យគ្រប់គ្នាកំណត់ការទទួលទានអាហារដែលមានរសជាតិហិរ ជាពិសេសក្រុមមនុស្សដូចខាងលើ៕
មតិយោបល់