បើយោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ការទទួលទានភេសជ្ជៈសូដា ឬភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករច្រើន ក្នុងអំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃភាពធាត់ទ្វេដងចំពោះកូន។ ក្រុមអ្នកជំនាញបានអះអាងថា ស្ត្រីគួរជ្រើសរើសទឹកជំនួសភេសជ្ជៈដែលមានជាតិផ្អែមវិញ ដោយសារតែជាតិស្ករសិប្បនិម្មិតនៅក្នុងភេសជ្ជៈប្រភេទនេះអាចធ្វើឲ្យទារកក្លាយជាមនុស្សធាត់ជ្រុលទៅថ្ងៃអនាគត់។
ការសិក្សានេះបានរកឃើញទៀតថា ស្ត្រីមានផ្ទៃពោះដែលផឹកភេសជ្ជៈមានជាតិស្ករសប្បិនិម្មិតក្នុងមួយថ្ងៃមួយកំប៉ុង អាចបណ្តោយឲ្យកូនមានហានិភ័យធាត់កើតឡើងទ្វេដងនៅពេលពួកគេមានអាយុ៧ឆ្នាំ។ មិនតែប៉ុណ្ណោះ កុមារក៏អាចប្រឈមនឹងការកើតជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាលនៅពេលពេញវ័យផងដែរ។
ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេស ដាណឺម៉ាក បានបង្ហាញថា ការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន អាចបង្កើនហានិភ័យនៃភាពធាត់សម្រាប់កុមារច្រើនជាង៦០ភាគរយ បើធៀបទៅនឹងស្ត្រីដែលទម្លាប់ទទួលទានទឹក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកម្តាយទទួលទានទឹកច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ អាចកាត់បន្ថយហានិភ័យនៃភាពធាត់ចំពោះកុមារចំនួន១៧ភាគរយ។
អ្នកស្រាវជ្រាវបានទទួលស្គាល់ទៀតថា ការទទួលទានភេសជ្ជៈដែលសម្បូរជាតិស្ករច្រើន អាចប្រឈមនឹងកូនកើតមិនគ្រប់ខែ៣៨ភាគរយ បើធៀបទៅនឹងស្ត្រីដែលមិនបានទទួលទាន។ ដូច្នេះហើយ ដើម្បីជៀសវាងហានិភ័យចំពោះកុមារនៅពេលកើតមក អ្នកគួរតែកាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន ឬផ្អាកបណ្តោះអាសន្នគឺកាន់តែល្អ៕
ប្រភពៈ pinoyhealthguide
មតិយោបល់