ការទទួលទានកាហ្វេបានក្លាយជាទម្លាប់ដ៏ពេញនិមយទៅហើយ សម្រាប់មនុស្សរាប់លាននាក់នៅលើពិភពលោក ប៉ុន្តែពួកគេទាំងនោះមិនទាន់ដឹងពីហានិភ័យនៃការទទួលទានកាហ្វេខុសពេលនោះឡើយ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការទទួលទានកាហ្វេខុសពេលអាចបង្កឲ្យបាត់បង់ថាមពល គេងមិនលក់ និងបណ្តោលឲ្យសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះហើយ មុននឹងចាប់ផ្តើមទម្លាប់ទទួលទានកាហ្វេ អ្នកគួរតែស្វែងយល់ងពីផលប៉ះពាល់មួយចំនួនជាមុនសិន។
ពេលវេលាដែលអ្នកពុំគួរទទួលទានកាហ្វេ
ក្រុមអ្នកជំនាញបាននិយាយថា ការទទួលទានកាហ្វេនៅពេលព្រឹកអាចបង្កឲ្យខួរក្បាលបង្កើនអ័រម៉ូន cortisol ដែលធ្វើឲ្យកើនឡើងបញ្ហាស្ត្រេសរហូតដល់ទៅ៥០ភាគរយ។
លើសពីនេះទៅទៀត ការទទួលទានកាហ្វេនៅពេលក្រពះកំពុងតែស្រេកឃ្លាន អាចបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារ។ បើយោងតាមលោកវេជ្ជបណ្ឌិត Adam Simon ជនជាតិអង់គ្លេស មានប្រសាសន៍ថា «ជាតិកាហ្វេអ៊ីនអាចជំរុញដល់ការផលិតអាស៊ីតនៅក្នុងក្រពះកាន់តែច្រើន ជាពិសេសក្នុងពេលស្រេកឃ្លាន ហើយបន្ទាប់មកវានឹងបំផ្លាញភ្នាសខាងក្នុងរបស់ក្រពះ»។ នេះហើយជាដើមហេតុដែលបង្កឲ្យអ្នកកើតមានបញ្ហាក្រហោយទ្រូង និងការរំលាយអាហារ ដោយមិនដឹងខ្លួន។
ស្របពេលជាមួយគ្នានេះផងដែរ ការទទួលទានកាហ្វេក្នុងពេលឃ្លាន អាចធ្វើឲ្យចង្វាក់បេះដូងលោតខុសប្រក្រតី ដាក់សម្ពាធលើបេះដូង និងប៉ះពាល់ដល់សម្ពាធឈាម។
ពេលវេលាដែលអ្នកគួរទទួលទានកាហ្វេ
ប្រសិនបើអ្នកចង់ទទួលទានកាហ្វេ គួរតែចាប់ផ្តើមនៅម៉ោង១០ទៅ១១ព្រឹក ព្រោះអំឡុងពេលនេះកម្រិតអ័រម៉ូន cortisol ត្រូវបានចុះថយ ហើយវាជាពេលដែលមានសុវត្ថិភាពផងដែរ។
មួយវិញទៀត ការទទួលទានកាហ្វេនៅចន្លោះម៉ោង១ទៅម៉ោង៥ល្ងាចក៏ជាពេលវេលាសាកសមដែរ ជាពិសេសសម្រាប់អ្នកកំពុងតែងងុយគេង នឹងមានអារម្មណ៍ស្វាងឡើងវិញ។
ក៏ប៉ុន្តែអ្នកជំនាញបានមានប្រសាសន៍ថា អ្នកពុំគួរទទួលទានកាហ្វេនៅក្នុងអំឡុងពេលបរិភោគអាហារ ឬបន្ទាប់ពីបរិភោគអាហារភ្លាមៗនោះទេ ព្រោះធាតុផ្សំសកម្មនៅក្នុងកាហ្វេ អាចរំខានដល់ការស្រូបសាធាតុចិញ្ចឹមរបស់រាងកាយ។ ក្រៅពីនេះ អ្នកក៏គួរតែជៀសវាងទទួលទានកាហ្វេនៅពេលយប់ផងដែរ ព្រោះជាតិកាហ្វេអ៊ីនអាចធ្វើឲ្យគេងមិនលក់ ឬឧស្សាហ៍ភ្ញាក់ដឹងខ្លួននៅពាក់កណ្តោលយប់៕
ប្រភពៈ soha
មតិយោបល់