ក្រោយពេលមានផ្ទៃពោះ ស្បែករបស់ស្ត្រីភាគច្រើនតែងតែបន្សល់ទុកនូវស្នាមសង្វារនៅតំបន់មួយចំនួននៃរាងកាយ ជាពិសេសក្បាលពោះតែម្តង។ នេះក៏ដោយតែក្នុងអំឡុងពពោះស្បែករបស់ពួកគេលាតសន្ធឹងខ្លាំងពេក ហើយបង្រួមមកវិញយ៉ាងឆាប់រហ័សក្រោយពេលសម្រាល។ ដូច្នេះ តើមានវីធីអ្វីអាចដោះស្រាយបាន? បើយោងតាមគេហទំព័រ pregnancyvideo បានបង្ហាញថា មានវិធីសាស្ត្រធម្មជាតិ៣យ៉ាងអាចជួយកម្ចាត់ស្នាមសង្វារបាន ប្រសិនបើអ្នកព្យាយាមប្រើប្រាស់ជាប្រចាំ។
ស៊ុតស
ស៊ុតសមានផ្ទុកប្រូតេអ៊ីនសំខាន់ៗជាច្រើន ដូចជាអាស៊ីតអាមីណូ ដែលអាចកម្ចាត់ស្នាមសង្វារយ៉ាងមានប្រសិទ្ធភាព។ សូមយកស៊ុតពីរគ្រាប់ គោះយកតែស៊ុតសបានហើយ បន្ទាប់មកម៉ាស្សាថ្នមៗត្រង់តំបន់ដែលមានបញ្ហា។ ជំហ៊ានបន្ទាប់ អ្នកត្រូវរងចាំឲ្យស្ងួត ទើបលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់ធម្មតា។ សូមព្យាយាមអនុវត្តរបៀបនេះជារៀងរាល់ថ្ងៃ ស្នាមសង្វារនឹងរលប់បាត់បន្តិចម្តងៗ រហូតទាល់តែមើលលែងឃើញ។
ដំឡូងបារាំង
ដំឡូងបារាំង គឺជាប្រភពនៃសារធាតុរ៉ែ និងវីតាមីន ដែលមានសារៈសំខាន់បំផុតក្នុងការកម្ចាត់ស្នាមសង្វារ។ អ្នកត្រូវយកដំឡូងបារាំងមួយមើមចិតសំបកចេញ រួចកិនចម្រាញ់យកទឹក។ បន្ទាប់មកលាបនៅត្រង់តំបន់ដែលមានបញ្ហ ហើយទុកឲ្យស្ងួតទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ សូមព្យាបាលអនុវត្តឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ដើម្បីឲ្យស្នាមសង្វារឆាប់រលាយ។
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ គឺជាឱសថមួយប្រភេទដែលអាចព្យាបាលបញ្ហាស្បែកបានច្រើនយ៉ាង រួមទាំងស្នាមសង្វារផងដែរ។ អ្នកត្រូវកាត់យកសាច់ប្រទាលកន្ទុយក្រពើមួយដុំ មកលាបនៅត្រង់កន្លែងដែលមានបញ្ហាឲ្យសព្វល្អ។ បន្ទាប់មកទុកឲ្យស្ងួត ទើបត្រូវលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតា។ សូមអនុវត្តវិធីមួយនេះជារៀងរាល់ថ្ងៃ រហូតទាល់តែទទួលបានលទ្ធផលដែលអ្នកចង់បាន៕
មតិយោបល់