ហ្វីលីពីនៈ របាយការណ៍មន្ត្រីប៉ូលិសម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កងកម្លាំងប៉ូលិស បានចាប់ខ្លួនសមាជិកក្រុមជ្រុលនិយមម្នាក់ ដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋអ៊ីស្លាម (IS) ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពដដែល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ Mohammad Noaim Maute ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) ។ គាត់រស់នៅក្នុងទីក្រុង Cagayan de Oro ភាគខាងត្បូងប្រទេសហ្វីលីពី ចម្ងាយពីរបីគីឡូម៉ែត្រពីទីក្រុង Marawi ដែលទីនោះត្រូវបានរាតត្បាត ដោយពួកសកម្មប្រយុទ្ធកាលពីថ្ងៃទី ២៣ ខែឧសភា កន្លងមក។
ជនសង្ស័យ Maute បានប្រើឈ្មោះ Abu Jadid ត្រូវបានគេស្គាល់ថា ជាអ្នកបំផ្ទុះគ្រាប់បែក ឬជាអ្នកជំនាញធ្វើឧបករណ៍ផ្ទុះម្នាក់ នៅក្នុងខេត្ត Lanao del Sur ។
តាមរបាយការណ៍ បានអះអាងថា Maute ជាគ្រូបង្រៀនភាសាអារ៉ាប់ផងដែរ ហើយគាត់បានប្រើកាតសិស្សក្លែងក្លាយ របស់សាកលវិទ្យាល័យរដ្ឋមីនដាណាវ ដើម្បីចូលបង្រៀន គឺសំដៅទៅសាកលវិទ្យាល័យ នៅក្នុងទីក្រុង Marawi ។
គួរបញ្ជាក់ដែរថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល ដើម្បីដណ្ដើមយកទីក្រុង Marawi មកកាន់កាប់ពីពួកសកម្មប្រយុទ្ធវិញ គឺបានចូលមកដល់សប្ដាហ៍ទី០៤ ហើយ ដែលបានសម្លាប់មនុស្សជិត ៣០០ នាក់ ក្នុងនោះរួមមានទាហាន និងប៉ូលិស ៥៨ នាក់ ៕
មតិយោបល់