ទន្ទឹមនឹងការងូតទឹកសម្អាតរាងកាយជាប្រចាំ អ្នកក៏គួរតែផ្លាស់ប្តូរខោក្នុងជាប្រចាំផងដែរ ប៉ុន្តែមនុស្សមួយចំនួននៅតែបរាជ័យចំពោះទម្លាប់មួយនេះ ដោយសារតែកត្តាជាច្រើន។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ pinoyhealthguide បានចុះផ្សាយថា ការស្លៀកខោក្នុងដែលៗមិនឧស្សាហ៍ផ្លាស់ប្តូរចេញ អាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព។ ខាងក្រោមនេះ គឺជាផលវិបាកមួយចំនួនដែលបណ្តោលមកពីការស្លៀកខោក្នុងដដែលៗមិនព្រមផ្លាស់ប្តូរៈ
១.ប្រដាប់ភេទធំក្លិនអាក្រក់
អវត្តមាននៃខ្យល់បរិសុទ្ធនឹងបង្កឲ្យកើតមានក្លិនមិនល្អចេញពីប្រដាប់ភេទ។ ទោះបីជាករណីខ្លះមានក្លិនមិនសូវអាក្រក់ខ្លាំងក៏ដោយ អ្នកគួរតែប្រញាប់ផ្លាស់ប្តូរខោក្នុងចេញភ្លាម។
២.ឆ្លងមេរោគផ្សិត
ខោក្នុងដែលស្លៀកយូរច្បាស់ជាមានសំណើមដោយសារតែញើស ហេតុនេះវានឹងបង្កើនឱកាសឲ្យពពួកមេរោគផ្សិត ព្រមទាំងបាក់តេរីលូតលាស់បានយ៉ាងលឿន។ ប្រសិនបើអ្នកនៅតែស្លៀកខោក្នុងដដែលៗបែបនេះទៀត បាក់តេរីមួយចំនួនច្បាស់ជាឆ្លងចូលទៅក្នុងរាងកាយជាមិនខាន។
៣.បាក់តេរីឆ្លងចូលទៅក្នុងបំពង់បង្ហូរនោម
ប្រសិនបើអ្នកស្លៀកខោក្នុងរយៈពេលយូរខ្លាំងពេក ឱកាសនៃមេរោគបាក់តេរីនឹងជ្រាបចូលទៅក្នុងផ្លូវបង្ហូរនោម។ ម្យ៉ាងវិញទៀត ក្រោយពីបន្ទោបង់រួចប្រសិនបើអ្នកសម្អាតមិនស្អាតទេ លាមកនឹងជាប់នៅជាមួយខោ ហើយមេរោគនឹងកើតឡើងកាន់តែច្រើនដែលអាចឆ្លងចូលទៅដល់ប្រដាប់ភេទយ៉ាងងាយ។
៤.ដំបៅ ឬកន្ទួលលើស្បែក
ប្រសិនបើអ្នកស្លៀកខោក្នុងដដែលៗ ពពួកបាក់តេរីនឹងមានឱកាសជ្រាបចូលក្នុងស្បែក ដែលបង្កឲ្យមានបញ្ហាកន្ទួលរមាស់កើតមានឡើង។ មិនតែប៉ុណ្ណោះ បញ្ហានឹងកើតមានកាន់តែធ្ងន់ធ្ងរដែលអាចបង្កទៅជាដំបៅ ឬអាឡែស៊ី បើអ្នកនៅតែបន្តប្រព្រឹត្តិសកម្មភាពបែបនេះយូរពេក។
៥.រមាស់
ខោក្នុងដែលស្លៀកយូរពេក គឺពោរពេញទៅដោយបាក់តេរីដែលអាចបង្កឲ្យស្បែកត្រង់តំបន់នេះមានអាការរមាស់ធ្ងន់ធ្ងរ។ ដូច្នេះ ដើម្បីជៀសវាងផលប៉ះពាល់អាក្រក់ដែលកើតមានឡើងចំពោះរាងកាយ សូមឧស្សាហ៍ផ្លាស់ប្តូរខោក្នុង ជាពិសេសបន្ទាប់ពីរាងកាយបញ្ចេញញើស៕

មតិយោបល់